ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ បង្ហាញផែនការក្នងការប្រើប្រាស់ ទីតាំងមូលដ្ឋានទ័ពអាមេរិក

បរទេស៖ យោងតាមការបញ្ជាក់ដោយមន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាលនៃក្រុមតាលីបង់ កាលពីថ្ងៃចុងសប្តាហ៍កន្លងមកនេះ បានឲ្យដឹងថា ទីតាំងមូលដ្ឋានទ័ពអាមេរិក ដែលត្រូវបានបោះបង់ចោលកាលពីឆ្នាំ២០២១នោះ នឹងត្រូវប្រើប្រាស់ទៅជាទីតាំង សម្រាប់ធ្វើជាតំបន់សេដ្ឋកិច្ចពិសេស ដែលរំពឹងទុកថា នឹងអាចជួយឲ្យសេដ្ឋកិច្ចរបស់ អាហ្គានីស្ថានអាចងើបឡើង ដោយឯករាជ្យវិញខ្លួនឯង។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយលោកឧបនាយករដ្ឋមន្ត្រី Mullah Abdul Ghani Baradar បានបញ្ជាក់ថា៖ ក្រោយកិច្ចប្រជុំរួចរាល់យើង បានសម្រេចចិត្តថា នឹងប្រគល់កិច្ចការងារនេះ ទៅឲ្យក្រសួងរៀបចំឧស្សាហកម្ម និងពាណិជ្ជកម្មដើម្បីដំណើរការ សាងសង់និងគ្រប់គ្រងទីតាំងមូលដ្ឋាន ទ័ពអាមេរិកទាំងអស់ ដែលនៅសេសសល់ទៅជាទីតាំង សម្រាប់ដំណើរការជាតំបន់សេដ្ឋកិច្ចពិសេសជំនួសវិញ។

ការប្រកាសនេះត្រូវបានធ្វើឡើង ក្រោយពេលដែលកាលពីដើមឆ្នាំកន្លងមក មន្ត្រីជាន់ខ្ពស់របស់ក្រុមតាលីបង់ បានអះអាងថា រដ្ឋាភិបាលតាលីបង់មានផែនការ ក្នុងការបើកឲ្យដំណើរការនូវ កម្មវិធីថ្នាក់ជាតិមួយដើម្បីអាចជួយជម្រុញ ឲ្យផលិតផលក្នុងស្រុកមានកំណើន ឡើងវិញដោយមានឯករាជ្យ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top