ព័ត៌មានជាតិ

កម្ពុជា ស្វាគមន៍វិនិយោគិនកូវ៉ែត ចង់វិនិយោគវិស័យប្រេង និងឧស្ម័ន

ភ្នំពេញ ៖ លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពលកម្ពុជា បានស្វាគមន៍អ្នកវិនិយោគកូវ៉ែត ដែលមានបំណង ចង់វិនិយោគលើវិស័យប្រេង និងឧស្ម័ន ខណៈបច្ចុប្បន្នកម្ពុជាមានប្លុក offshore ចំនួន៤ និងប្លុក onshore ចំនួន១៨ ទៀត សម្រាប់វិស័យនេះ។

ក្នុងជំនួបសម្ដែងការគួរសមរវាងលោក ស៊ុយ សែម លោក Mohamad S. ALHAJRI ឯកអគ្គរដ្ឋទូត នៃរដ្ឋកូវ៉ែត ប្រចាំ កម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ ភាគីទាំងពីរ បានជជែកពិភាក្សាអំពីសក្តានុពល និងឱកាសដើម្បីពង្រឹង កិច្ចសហប្រតិបត្តិការ។

ក្នុងជំនួបពិភាក្សានេះដែរ លោកទូត បានស្វែងយល់អំពីវឌ្ឍនភាព នៃការអភិវឌ្ឍវិស័យថាមពល ប្រេង និងឧស្ម័ននៅ កម្ពុជា។ លោក ក៏កោតសរសើរដល់ការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងមានបំណងចង់ផ្តល់អាហាររូបករណ៍ ក្នុងវិស័យប្រេង និងឧស្ម័ន ដល់និស្សិតកម្ពុជា ព្រមទាំងបើកឱកាសការងារដល់និស្សិតដែលបានបញ្ចប់ការសិក្សា ដើម្បីឱ្យទទួលបានបទពិសោធន៍ការងារពីជំនាញនេះ នៅកូវ៉ែតផងដែរ។

ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានបញ្ជាក់ថា «ស្វាគមន៍វិនិយោគិនកូវ៉ែតដែលមានបំណងចង់វិនិយោគលើវិស័យប្រេង និងឧស្ម័នដែលបច្ចុប្បន្ន កម្ពុជាមានប្លុក offshore ចំនួន៤ និងប្លុកonshore ចំនួន១៨ ទៀត ដែលស្វាគមន៍ការវិនិយោគ»។

លើសពីនេះទៅទៀត លោករដ្ឋមន្រ្តី ក៏បានលើកទឹកចិត្តឲ្យមានការវិនិយោគលើវិស័យថាមពល និងធនធានរ៉ែ ព្រោះបច្ចុប្បន្នអាចធ្វើការងា របានគ្រប់ទីកន្លែងមិនថា ក្នុងព្រៃជ្រៅ ឬតំបន់ដាច់ស្រយាល ដោយសារពេលនេះកម្ពុជា ទទួលបានសុខសន្តិភាពពេញលេញ និងមានស្ថេរភាពនយោបាយ ដែលជាកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា។

ករណីប្រេងនេះ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានប្រកាសពីដំណក់ ប្រេងលើក ដំបូងរបស់កម្ពុជាដែលបានចាប់ផ្តើមផលិតចេញពីអណ្តូង ប្រេងទី១ ឈ្មោះ A-0ID នៃ ផ្លាតហ្វម A នៅក្នុងប្លុកនៃឈូងសមុទ្រកម្ពុជា រុករកដោយក្រុមហ៊ុន Kris Energy មកពីសិង្ហបុរី ប៉ុន្តែពិតជាគួរឲ្យស្តាយ បន្ទាប់ពីការប្រកាសរបស់សម្តេចតេជោមិនដល់១ឆ្នាំស្រួលបួលផង ស្រាប់តែនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១សម្តេចតេជោ ក៏បានប្រកាសពីការបរាជ័យចំពោះការវិស័យប្រេងនេះទៅវិញ ដោយសារក្រុមហ៊ុនក្ស័យធន ហើយកប៉ាល់ដឹក ប្រេងនោះក៏រត់គេចចេញពីកម្ពុជាដែរ៕

To Top