នយោបាយ

លោក សយ សុភាព សម្លឹងឃើញថា ក្រោយការបោះឆ្នោតឆ្នាំ២០២៣ ការចូលរួមពីគណបក្សនយោបាយ ប្រៀបបានកន្រ្តកផ្កាមួយដ៏ល្អ សម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា (វីដេអូ)

ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល បានសម្លឹងឃើញថា ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រ នីតិកាលទី៧ ឆ្នាំ២០២៣ ការចូលរួមពីគណបក្សនយោបាយនានា ប្រៀបបានទៅនឹងកន្រ្ដកផ្កាដ៏ល្អ ស្រស់បំព្រងមួយ សម្រាប់ប្រជាធិបតេយ្យ នៅកម្ពុជា។

តាមរយៈវីដេអូអត្ថាធិប្បាយ នៅក្នុងកម្មវិធីសន្ទនាថ្ងៃចន្ទ Monday Talk លោក សយ សុភាព បានលើកឡើងថា មានគណបក្សនយោបាយចំនួនពីរ នឹងមានអាសនៈនៅក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំង (ប្រសិនបើដើរត្រូវតាមគន្លងនៃការឃោសនា មិនវាយប្រហារបក្សណាមួយ)។

ដោយឡែក គណបក្សដទៃទៀតនោះ រួមមាន គណបក្សរាជានិយមហ៊្វុន ស៊ិនប៉ិច ដែលដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងគណបក្សខ្មែររួបរួមជាតិ ដឹកនាំដោយលោក ញឹក ប៊ុនឆៃ និងគណបក្សនយោបាយផ្សេងទៀត អាចនឹងស្ថិតនៅក្នុង ឧត្ដមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ ដដែល។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងពិធីចែកសញ្ញាតបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា គណបក្សនយោបាយនៅក្នុងប្រទេស ពេលនេះមានកម្មវិធីនយោបាយ ប្រកួតប្រជែងគ្នាល្អ ខណៈចាប់ពីពេលនេះតទៅ គណបក្សប្រជាជនកម្ពុជា មិនលើកលែងឱ្យអ្នកជេរប្រមាថ និងលាបពណ៌ជាដាច់ខាត។

សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ សម្រាប់កាលបរិច្ឆេទ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ។

ខ្លឹមសារលម្អិត សូមស្ដាប់នូវការអត្ថាធិប្បាយរបស់លោក សយ សុភាព ដូចខាងក្រោម៖

To Top