តេអេរ៉ង់ ៖ អ្នកនាំពាក្យ របស់អង្គការ ថាមពលអាតូមិក នៃប្រទេសអ៊ីរ៉ង់លោក Behrouz Kamalvandi បានច្រានចោលរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយ កាលពីថ្ងៃអាទិត្យ ដែលបង្ហាញថា ប្រទេសនេះបានចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតលើសពីភាពសុទ្ធ ៦០ភាគរយដោយថាវាគឺជា “ការបំភ្លៃការពិត” ។
លោក Kamalvandi បានបដិសេធរបាយការណ៍បែបនេះ នៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បន្ទាប់ពីរបាយការណ៍របស់កាសែត Bloomberg ដែលបានឲ្យដឹងថា អ្នកឃ្លាំមើលបរមាណូអន្តរជាតិ ក្នុងប្រទេសអ៊ីរ៉ង់ កាលពីសប្តាហ៍មុនបានរកឃើញ សារធាតុអ៊ុយរ៉ាញ៉ូម ដែលចម្រាញ់ដល់ ៨៤ ភាគរយនៃភាពសុទ្ធ ដែលជាកំហាប់តិចជាង ៦ ភាគរយ នៃតម្រូវការសម្រាប់អាវុធនុយក្លេអ៊ែរ ។
មន្ត្រីនុយក្លេអ៊ែររូបនេះ បានច្រានចោលថា ជាយុទ្ធនាការលាបពណ៌ដោយលើកឡើងថា “អត្ថិភាពនៃភាគល្អិតអ៊ុយរ៉ាញ៉ូមលើសពី ៦០ ភាគរយ មិនមែនមានន័យដូចគ្នា ទៅនឹងការចម្រាញ់លើសពី ៦០ ភាគរយនោះទេ” ។
ទីភ្នាក់ងារថាមពលអាតូមិកអន្តរជាតិបានឆ្លើយតបនៅក្នុង សារ ថាខ្លួនកំពុងពិភាក្សាអំពីលទ្ធផល នៃសកម្មភាពផ្ទៀងផ្ទាត់នាពេលថ្មីៗនេះជាមួយអ៊ីរ៉ង់ ហើយនឹងជូនដំណឹងដល់ ក្រុមប្រឹក្សាភិបាលរបស់ខ្លួន តាមការសមស្រប។
សេចក្តីថ្លែងការណ៍មុននេះដោយក្រសួងការបរទេស របស់ប្រទេសអ៊ីរ៉ង់បានឲ្យដឹងថា ខ្លួនបានជូនដំណឹងដល់ IAEA អំពីការសម្រេចចិត្ត របស់ខ្លួនក្នុងការចាប់ផ្តើមចម្រាញ់ សារធាតុអ៊ុយរ៉ាញ៉ូម ដល់កម្រិតភាពសុទ្ធ ៦០ ភាគរយនៅឯរោងចក្រចម្រាញ់ប្រេងឥន្ធនៈ Fordow Fuel Enrichment Plant (FFEP) ក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ៕