ព័ត៌មានអន្តរជាតិ

លោក Xi Jinping មានផែនការក្នុងការ បំពេញទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូ

បរទេស៖ ប្រធានាធិបតីចិនលោក Xi Jinping នឹងត្រូវធ្វើដំណើរបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងមូស្គូដើម្បីរៀបចំ កិច្ចប្រជុំមួយជាមួយនឹងសមភាគីលោក Vladimir Putin ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ប្រភពចេញផ្សាយដោយកាសែត The Wall Street Journal កាលពីថ្ងៃអង្គារបានលើកឡើងថា ដំណើរទស្សនកិច្ចនេះនឹងធ្វើឡើង នៅចំពេលដែលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងមានភាពនាំមុខគេក្នុងការ ជួយដោះស្រាយ និងសម្របសម្រួលជម្លោះ រវាងរុស្សីនិងអ៊ុយក្រែន។

គួរឲ្យដឹងដែរថា កិច្ចប្រជុំដើម្បីសន្តិភាពចុងក្រោយមួយ បានធ្វើឡើងនិងបានទទួលរង បរាជ័យកាលពីឆ្នាំទៅ ដោយក្នុងនោះរដ្ឋាភិបាលក្រុងគៀវ បានធ្វើការដកខ្លួនចេញពីកិច្ចប្រជុំចរចា នៅក្នុងទីក្រុងអ៊ីស្តង់ប៊ូល កាលពីខែមេសាដោយក្នុងនោះរុស្សី និងបណ្តាប្រទេសជាច្រើនបានអះអាងថា អាមេរិកនិងលោកខាងលិច បានដាក់សំពាធឲ្យអ៊ុយក្រែន ដើម្បីឲ្យសម្រេចចិត្តធ្វើបែបនេះ ទោះបីជាកិច្ចព្រមព្រៀងស្ទើរតែ បានបញ្ចប់រួចទៅហើយក្តី។

កាលពីសប្តាហ៍កន្លងទៅផងដែរ លោករដ្ឋមន្ត្រីការបរទេសចិន Wang Yi បានប្រកាសថា រដ្ឋាភិបាលក្រុងប៉េកាំងនឹងបង្ហាញនូវ លិខិតជាផ្លូវការមួយដែលជា ធាតុចូលសំខាន៉ៗក្នុងការរៀបចំ ឲ្យមានដំណើរការកិច្ចព្រមព្រៀង សន្តិភាពឡើងវិញ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top