ហ្សាកាតា៖ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ បានជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang នៅថ្ងៃពុធម្សិលមិញនេះ ខណៈដែលភាគីទាំងពីរបានសន្យាថា នឹងរួមគ្នារក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។
លោក វីដូដូ ក្នុងជំនួបនោះក៏បានជូនពរលទ្ធផលជោគជ័យនៃសម័យប្រជុំនាពេលខាងមុខនៃសភាប្រជាជនជាតិចិន (NPC) និងគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ផងដែរ។
លោករំពឹងថាភាគីទាំងពីរនឹងបង្កើនការអនុវត្តការឯកភាពគ្នាដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកោះបាលីរវាងប្រមុខរដ្ឋទាំងពីរ និងរៀបចំឱ្យបានត្រឹមត្រូវ សម្រាប់ដំណាក់កាលបន្ទាប់នៃការផ្លាស់ប្តូរកម្រិតខ្ពស់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រធានាធិបតីឥណ្ឌូនេស៊ីបានលើកឡើងថា ឥណ្ឌូនេស៊ី និងចិនបានឃើញកិច្ចសហប្រតិបត្តិការជាក់ស្តែងប្រកបដោយផ្លែផ្កាក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីមានការកើនឡើងយ៉ាងឆាប់រហ័ស ហើយចិន ក្លាយជាប្រភពវិនិយោគបរទេសធំទីពីរនៅក្នុងប្រទេសឥណ្ឌូនេស៊ី។
លោកបានបន្ដថា ភាគីទាំងពីរគួរតែពន្លឿនគម្រោងសំខាន់ៗ រួមមានផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung សួនឧស្សាហកម្ម North Kalimantan និងការសាងសង់រដ្ឋធានីថ្មី ហើយពង្រីកកិច្ចសហប្រតិបត្តិការក្នុងខ្សែសង្វាក់ឧស្សាហកម្ម និងថាមពលថ្មី។
លោក វីដូដូ បានបន្ដថា អាស៊ីគឺជាមជ្ឈមណ្ឌលនៃកំណើនសេដ្ឋកិច្ចពិភពលោក ហើយមិនគួរជាសង្វៀននៃការតស៊ូអំណាចនោះទេ។ លោកថា ប្រទេសឥណ្ឌូនេស៊ី មានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសចិន ដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងដើម្បីជួយសម្រួលដល់ការស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។
លោកបានបន្ថែមថា ប្រទេសឥណ្ឌូនេស៊ីកោតសរសើរ ចំពោះការគាំទ្ររបស់ប្រទេសចិនចំពោះភាពជាកណ្តាលរបស់អាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ហើយនឹងដោះស្រាយបញ្ហាមីយ៉ាន់ម៉ាស្របតាមការឯកភាព ៥ចំណុច៕
ប្រែសម្រួល ឈូក បូរ៉ា