ព័ត៌មានអន្តរជាតិ

កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រ រវាងរុស្ស៊ី-ចិន អាចនាំឱ្យសង្គ្រាមជារៀងរហូត របស់អាមេរិក ដល់ទីបញ្ចប់

បរទេស៖ អ្នកសង្កេតការណ៍អន្តរជាតិ បានប្រាប់ Sputnik ដោយបង្ហាញការងឿងឆ្ងល់អំពីសមត្ថភាព របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការធ្វើសង្រ្គាមក្តៅក្នុងពេលដំណាលគ្នា ប្រឆាំងនឹងទីក្រុងមូស្គូ និងប៉េកាំងថា ចិនមានហេតុផលជាច្រើន ក្នុងការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី ចំពេលមានការកើនឡើង នៃការបង្កហេតុរបស់អាមេរិក ប្រឆាំងនឹងមហាអំណាចទាំងពីរ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Yang Mian សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យទំនាក់ទំនងចិន ក្នុងទីក្រុងប៉េកាំងបានប្រាប់ Sputnik ថា “ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងចិន-រុស្ស៊ី បាននិងកំពុងអភិវឌ្ឍជាលំដាប់ ហើយឥឡូវនេះបានឈានដល់ដំណាក់កាលថ្មីមួយ នៃកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងភាពជាដៃគូយុទ្ធសាស្ត្រ។ ចិន និងរុស្ស៊ីតែងតែប្រកាន់ខ្ជាប់ នូវការអភិវឌ្ឍន៍ទំនាក់ទំនងទ្វេភាគី ដោយឈរលើគោលការណ៍ មិនចូលបក្សសម្ព័ន្ធ មិនប្រឈមមុខដាក់គ្នា និងមិនកំណត់គោលដៅរបស់ភាគីទីបី”។

លោក Yang Mian បន្តថា “ក្នុងនាមជាមហាអំណាចឯករាជ្យ នៃឥទ្ធិពល, ចិន និងរុស្ស៊ី គឺនៅឈរសម្រាប់ការថែរក្សាសន្តិភាព និងសន្តិសុខអន្តរជាតិ ក៏ដូចជាសម្រាប់ឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសទាំងអស់ ក្នុងពិភពលោក។ ការថែរក្សាទំនាក់ទំនងស្ថិរភាព និងមិត្តភាពរវាង [ប៉េកាំង និងមូស្គូ] រួមចំណែកដល់ការអភិវឌ្ឍន៍យូរអង្វែង នៃប្រទេសទាំងពីរ និងពិភពលោកទាំងមូល។ នេះជាការពិត ជាពិសេសនៅក្នុងស្ថានភាពលំបាក នាពេលបច្ចុប្បន្នក្នុងពិភពលោក និងជម្លោះដែលកំពុងបន្តរវាងរុស្ស៊ី និងអ៊ុយក្រែន»។

សាស្ត្រាចារ្យផ្នែកទំនាក់ទំនងអន្តរជាតិ នៅសកលវិទ្យាល័យទំនាក់ទំនងចិនក្នុងទីក្រុងប៉េកាំង រូបនេះ បានចង្អុលបង្ហាញថា អាមេរិកកំពុងបង្កើតក្រុមអ្នកគាំទ្រខ្លួន ដើម្បីបង្ខំចិនឲ្យផ្លាស់ប្តូរជំហរទាក់ទងនឹងជម្លោះអ៊ុយក្រែន។ ទីក្រុងប៉េកាំងមិនមានទំនោរ ក្នុងការជ្រើសរើសភាគីនោះទេ ប៉ុន្តែចិនគឺបានអំពាវនាវ ឱ្យមានដំណោះស្រាយសន្តិភាព និងជំរុញការចរចា ៕ ប្រែសម្រួលៈ ណៃ តុលា

To Top