ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ធ្វើទស្សនកិច្ចទៅកាន់ទីតាំងរថភ្លើងធ្លាក់ផ្លូវ ខណៈលោក បៃដិន បែរជាបំពេញ ទស្សនកិច្ចនៅអ៊ុយក្រែន

វ៉ាស៊ីនតោន៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ បានទៅទស្សនាកន្លែងរថភ្លើងធ្លាក់ផ្លូវ ដោយបានរិះគន់រដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន អំពីគ្រោះមហន្តរាយផ្លូវដែក ដែលបានបញ្ចេញសារធាតុគីមីពុលនៅប៉ាឡេស្ទីនខាងកើត រដ្ឋអូហៃអូ កាលពី ១៩ថ្ងៃមុន។

របាយការណ៍បានឲ្យដឹងថា “ដំណើររបស់លោក ត្រាំ ទៅកាន់តំបន់អភិរក្សនិយមបំផុតមួយនៃរដ្ឋក្រហមជ្រៅ បានមកជាមួយនឹងចំណុចសំខាន់ជាច្រើននៃដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ខណៈដែលលោក ត្រាំ បានព្យាយាមផ្ទុយពីខ្លួនគលោកជាមួយលោក បៃដិន ដែលកាលពីថ្ងៃចន្ទបានធ្វើដំណើរទស្សនកិច្ចតំបន់សង្រ្គាមជាប្រវត្តិសាស្ត្រទៅកាន់រដ្ឋធានីអ៊ុយក្រែន” ។

នៅពេលលោកទៅទស្សនកិច្ច Little Beaver Creek ដែលជាដៃទន្លេ Ohio River នៅជិតកន្លែងធ្លាក់ផ្លូវនោះលោក ត្រាំ បានលើកឡើងថាលោកគិតថា “គួរឱ្យភ័យខ្លាច” ដែលលោក បៃដិន មិនទាន់បានទៅមើលទីតាំងនៃការធ្លាក់ផ្លូវកាលពីថ្ងៃទី០៣ ខែកុម្ភៈ។

របាយការណ៍បានឲ្យដឹងទៀតថា “ដំណើរទៅកាន់រដ្ឋ Ohio របស់អតីតប្រធានាធិបតីបានកើតមានឡើង នៅពេលដែលការប្រណាំងប្រជែងតំណែងប្រធានាធិបតី GOP ឆ្នាំ២០២៤ ចាប់ផ្តើមមានរូបរាង ដោយមានគូប្រជែងផ្ទៃក្នុងបក្សតម្រង់ជួរដើម្បីដណ្តើមយក តំណែងរបស់លោក ត្រាំ ។ សមាជិកគណបក្សសាធារណរដ្ឋផ្សេងទៀតក៏បានរិះគន់ការឆ្លើយតបរបស់លោក បៃដិន ចំពោះករណីរថភ្លើងធ្លាក់ផ្លូវនៅជិតព្រំដែន Ohio-Pennsylvania” ផងដែរ។

ប្រភពបានបន្ថែមថា ការធ្លាក់ផ្លូវរបស់រថភ្លើង Norfolk Southern ដែលផ្ទុកសារធាតុគីមីពុលបានក្លាយជាចំណុចនយោបាយ ហើយការសម្រេចចិត្តរបស់លោក ត្រាំ ក្នុងការធ្វើដំណើរទៅកាន់ប៉ាឡេស្ទីនខាងកើតក៏បានផ្តោតការយកចិត្តទុកដាក់ថ្មីលើគោលនយោបាយរដ្ឋបាលផ្ទាល់ខ្លួនរបស់លោក ដែលលើកទឹកចិត្តដល់ការរសាយនៃឧស្សាហកម្មផ្លូវដែកផងដែរ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top