ព័ត៌មានអន្តរជាតិ

Update៖ ចំនួនអ្នកស្លាប់ និងបាត់ខ្លួន ដោយសារបាក់ដីអណ្តូងរ៉ែនៅចិន មានរហូតដល់ជាង ៥០នាក់

ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា តំបន់ម៉ុងហ្គោលីខាងក្នុងរបស់ប្រទេសចិន បានបញ្ជាឱ្យត្រួតពិនិត្យ នៅអណ្តូងរ៉ែបើកចំហទាំងអស់ របស់ខ្លួននៅថ្ងៃសុក្រនេះ បន្ទាប់ពីមនុស្សយ៉ាងហោចណាស់ ៦នាក់បានស្លាប់ នៅក្នុងពេលបាក់ដីនៅឯអណ្តូងរ៉ែធ្យូងថ្ម ខណៈមនុស្សចំនួន ៤៧នាក់ផ្សេងទៀត នៅតែបន្តបាត់ខ្លួន ។

អណ្តូងរ៉ែដែលដំណើរការដោយ ក្រុមហ៊ុនក្នុងស្រុកតូចមួយឈ្មោះ Xinjing Coal Mining បានបាក់ធ្លាក់ផ្ទាំងថ្មកាលពីថ្ងៃពុធ ដោយធ្វើឱ្យកម្មករកប់ នៅក្រោមគំនរកំទេចកំទីទាំងនោះ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្សចំនួន៦នាក់ត្រូវបានទាញចេញពី អណ្តូងរ៉ែនៅម៉ុងហ្គោលីខាង ក្នុងនៅម៉ោង ១០និង៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ CCTV បានឲ្យដឹងថា អណ្តូងរ៉ែនេះត្រូវបានកប់នៅក្រោម គំនរកំទេចកំទីកន្លះគីឡូម៉ែត្រ និងកម្ពស់ប៉ាន់ស្មាន៨០ម៉ែត្រ ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា គ្រោះបាក់ដីលើកទី២បានបញ្ឈប់ កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ ដោយមានហានិភ័យនៃ ការបាក់ដីកាន់តែច្រើនឡើងខ្លាំង ដោយសារតែតំបន់ដួលរលំដ៏ធំ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top