ភ្នំពេញ ៖ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសមិនទទួលយក ការសុំទោសពី លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន ឡើយ បន្ទាប់ពីលោកបានធ្វើការចោទប្រកាន់ គណបក្សប្រជាជនកម្ពុជាថា «លួចសន្លឹកឆ្នោត» ក្រោយការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ នាឆ្នាំ២០២២។
សម្ដេចតេជោលើកឡើងបែបនេះ តាមរយៈសារឆ្លើយឆ្លងជាមួយ លោក សយ សុភាព រឿង «ស៊ុន ឆ័យ ចង់សុំទោស» កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ពីទីក្រុងវៀងច័ន្ទ ប្រទេសឡាវ។ ការប្រកាសសុំទោសពីអនុប្រធានគណបក្សភ្លើងទៀននេះ បន្ទាប់ពីលោកចាញ់ក្តីនៅតុលាការពាក់ព័ន្ធបណ្តឹង ពីគណបក្សប្រជាជនកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
តាមរយៈសារតេឡេក្រាមរបស់សម្ដេចតេជោ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា «យើងមិនទទួលយកការសុំទោសនោះឡើយ។ យើងចង់បញ្ចប់វប្បធម៌លាបពណ៌ និងការប្រមាថ។ យើងទទួលយកមិនបាននូវការចោទប្រកាន់ថា យើងជាអ្នកលួចសន្លឹកឆ្នោត»។
សម្ដេចតេជោបន្ដថា «យើងធ្លាប់បានគេសុំទោសច្រើនដង ហើយតែរឿងច្រំដែលនៅតែកើតឡើងទើបយើងចង់បញ្ចប់វប្បធម៌រឿងដដែលហើយសូមទោសតាមផ្លូវតុលាការដើម្បីឲ្យមនុស្យអាក្រក់វារាងចាល។ ភាព(លោកសយ សុភាព) ខ្លួនឯងបានដឹងច្បាស់ហើយតើ សម រង្ស៊ី ធ្លាប់បានសូមទោសខ្ញុំ តែទីបំផុតវាកើតដដែល។ អ្នកគាំទ្រវាគឺដូចគ្នាដែលយើង ត្រូវតែប្រើផ្លូវច្បាប់ ដើម្បីបញ្ចប់រឿងច្រំដែលនេះ»។
បើលិខិតសុំទោសរបស់លោក សុន ឆ័យ ធ្វើឡើងតាមរយៈលោក សយ សុភាពកាលពីថ្ងៃ ១៣ កុម្ភៈ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានចាត់ទុកពាក្យសម្តីមួយផ្នែករបស់លោកឆ្លើយក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ឌឹ ខេមបូឌាដេលី កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ថា បាន “ចោទគណបក្សប្រជាជនកម្ពុជា ថាជាចោរលួច សន្លឹកឆ្នោត នោះខ្ញុំសុំធ្វើការ បដិសេធ ការចោទប្រកាន់នេះ»។
អត្ថន័យនៃលិខិតរបស់លោក សុន ឆ័យ សង្កត់ធ្ងន់ថា លោកមិនដែលមានចេតនា ចោទគណបក្សប្រជាជនកម្ពុជា ឬគ.ជ.ប ថាជាចោរលួចសន្លឹកឆ្នោត ហើយក៏នឹងមិនមានបំណងចោទថា គណបក្សប្រជាជនកម្ពុជា ជាចោរលួចសន្លឹកឆ្នោតនេះ នៅពេលអនាគតនោះដែរ “បើគណបក្សប្រជាជនកម្ពុជា ឬគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ចាត់ទុកសម្តី ក្នុងបទសម្ភាសន៍ ថាខ្ញុំបានចោទជាចោរ លួចសន្លឹកឆ្នោតនោះ ខ្ញុំសុំអភ័យទោស»។
សូមបញ្ជាក់ថា តុលាការកំពូលកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានប្រកាសសាលដីកាដោយសម្រេចតម្កល់សេចក្តីសម្រេចទាំងស្រុងរបស់សាលាឧទ្ធរណ៍លើសំណុំរឿង លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនដែលប្តឹងដោយគណបក្សប្រជាជនកម្ពុជា និងគ.ជ.ប។ គណបក្សប្រជាជនកម្ពុជា និងគ.ជ.ប បានដាក់ពាក្យប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញ ក្រោយលោក សុន ឆ័យ វាយប្រហារស្ថាប័នទាំង២ទិញ និងលួចបន្លំសន្លឹកឆ្នោត ក្នុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៥ ។
ចំណែកសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ បានប្រកាសសាលក្រមលើសំណុំរឿងបរិហារកេរ្តិ៍ជាសាធារណៈទាំង២សំណុំរឿង។ ក្នុងនោះសំណុំរឿងប្តឹងដោយ គ.ជ.ប ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោស លោក សុន ឆ័យ ពិន័យជាប្រាក់ចំនួន ៩លានរៀល។ចំពោះសំណុំរឿងប្តឹងដោយគណបក្សប្រជាជនកម្ពុជា ត្រូវបានសម្រេចផ្ដន្ទាទោសពិន័យជាប្រាក់ចំនួន ៨លានរៀល ព្រមទាំងបង្គាប់ឲ្យសងសំណងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីចំនួន ៣,០០០លានរៀល៕