គៀវ៖ មួយថ្ងៃបន្ទាប់ពីរុស្ស៊ី និងអ៊ុយក្រែនឆ្លងផុតសង្រ្គាមរយៈពេល១ឆ្នាំ រុស្ស៊ីបានបាត់បង់ទាហាន៦៦០នាក់ទៀត នេះបើតាមក្រសួងការពារជាតិអ៊ុយក្រែន ហើយសរុបមករុស្ស៊ីបានបាត់បង់ទាហាន ១៣១០នាក់ និងរថក្រោះ ១៨គ្រឿងក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ ។
ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រុស្ស៊ីឥឡូវនេះបានបាត់បង់ទាហានប្រមាណ ១៤៨១៣០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។
ចំនួនអ្នកស្លាប់របស់រុស្ស៊ីមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ហើយការប៉ាន់ស្មានរបស់អ៊ុយក្រែន ជាធម្មតា ខ្ពស់ជាង ការប៉ាន់ស្មានពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។ ប្រទេសរុស្ស៊ីមិនបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់របស់ខ្លួននោះទេចាប់តាំងពីចុងខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលវាបាននិយាយថាទាហាន ៦០០០ នាក់ត្រូវបានសម្លាប់។
កាលពីថ្ងៃអាទិត្យក៏ជាថ្ងៃរំលឹកខួប ៩ឆ្នាំដែលរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមមួយទៀតប្រឆាំងនឹងអ៊ុយក្រែន ដែលនៅទីបំផុតបានកាន់កាប់ឧបទ្វីបគ្រីមេ។ លោកថា “ថ្ងៃនេះ យើងត្រូវបានគេរំលឹកថា រុស្ស៊ីបានធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាលពី ៩ឆ្នាំមុន។ ថ្ងៃនេះ យើងសូមបញ្ជាក់ឡើងវិញថា ការតស៊ូមិនដែលឈប់ ហើយគ្រីមៀនឹងត្រូវបានរំដោះ” ។
មន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ផងដែរថា ខ្លួនបានដករថក្រោះរុស្ស៊ីចំនួន ១២ គ្រឿងកាលពីថ្ងៃមុន ហើយកាលពីថ្ងៃអាទិត្យ ពួកគេបាននិយាយថា ៦ គ្រឿងទៀតត្រូវបានបំផ្លាញ៕
ប្រែសម្រួល ឈូក បូរ៉ា