រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការ បន្ទាប់ពីរូបគេធ្វើសកកម្មភាព លួចអាគុយរថយន្តកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវ៣៧១ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ជនសង្ស័យមានឈ្មោះ ទេព ណែមសុវណ្ណ ភេទប្រុស អាយុ២១ឆ្នាំ មានមុខរបរដើររើសអេតចាយ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
តាមចម្លើយសារភាព របស់ជនសង្ស័យបានឲ្យដឹងថា កាលពីវេលាម៉ោង០២រសៀល ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ ខ្លួនបានជិះកង់ចេញពីផ្ទះនៅ ភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ លុះពេលជិះមកដល់ម្តុំលូ៥ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ក៏បានឃើញរថយន្តដឹកដីចតនៅលើចិញ្ចើមផ្លូវខាងមុខផ្ទះប្រជាពលរដ្ឋ ហើយក៏បានឃើញអាគុយរថយន្តដែលដោះហើយស្រាប់ ឃើញដូចនោះខ្លួនក៏ធ្វើសកម្មភាពលួច យកអាគុយរថយន្តនោះ តែត្រូវម្ចាស់រថយន្តមកទាន់ ក៏ធ្វើការឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ច ដើម្បីស្រាវជ្រាវបន្តនិងកសាងសំណុំរឿង បញ្ជូនទៅតុលាការ។ ព្រមជាមួយគ្នានោះសមត្ថកិច្ច អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើតេស្ត ទឹកនោមជនសង្ស័យ ពិនិត្យឃើញថា មានជាប់សារធាតុញៀន ដែលជនសង្ស័យបានប្រើប្រាស់ ខុសច្បាប់ជាប្រចាំផងដែរ៕