ព័ត៌មានជាតិ

រដ្ឋមន្ដ្រីមហាផ្ទៃ៖ រដ្ឋាភិបាល នឹងពិចារណាតម្លៃប៉ាស្ព័រ បន្ទាប់ពីពលរដ្ឋត្អូញត្អែរ រឿងថ្លៃ

ភ្នំពេញ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា រាជរដ្ឋាភិបាល នឹងពិចារណាតម្លៃលិខិតឆ្លងដែន (ប៉ាស្ព័រ) ឲ្យមានតម្លៃសមស្របណាមួយ ព្រោះមានប្រជាពលរដ្ឋត្អូញត្អែរ ថា មានតម្លៃថ្លៃពេក។

ការធ្វើលិខិតឆ្លងដែនធម្មតា ដែលប្រើសេវារយៈពេល ២០ថ្ងៃ គេត្រូវបង់ថ្លៃ ១០០ដុល្លារ ខណៈសេវារយៈពេល ១០ថ្ងៃមានតម្លៃ ១៥០ដុល្លារ។ ដោយឡែក សេវារយៈពេល១ថ្ងៃ គេត្រូវបង់ថ្លៃ ២០០ដុល្លារ។

ក្នុងពិធីប្រគល់សញ្ញាបត្រកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ជូននិសិ្សត នៃសាកលវិទ្យាល័យ ឯកទេសនៃកម្ពុជា សាខាខេត្តបាត់ដំបង និងសាខាខេត្តបន្ទាយមានជ័យ សម្តេច ស ខេង បានថ្លែងថា «អ្នកខ្លះស្រែថា ប៉ាស្ព័រ ថ្លៃពេកដែរ រដ្ឋាភិបាលនឹងពិចារណាទៀត តម្លៃប៉ុណ្ណាដែលស្រប រដ្ឋាភិបាលយើងនេះ គឺកើតចេញពីការបោះឆ្នោត»។

ឆ្លៀតឱកាសនោះ សម្ដេច ស ខេង លើកឡើងថា ក្រសួង បានបញ្ជូនបញ្ជីឈ្មោះអ្នកហួសសុពលភាព អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅតាមឃុំ-សង្កាត់ រួចរាល់ហើយ ដូច្នេះអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវអញ្ជើញប្រជាពលរដ្ឋដែលបាន កាត់អត្តសញ្ញាណប័ណ្ណផុតសុពលភាព ឲ្យពួកគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី។

សម្ដេច បញ្ជាក់ទៀតថា «អាជ្ញាធរដឹងថា អ្នកណាផុតសុពលភាពអត្តសញ្ញាណប័ណ្ណ ព្រោះយើងបានចុះបញ្ជីត្រឹមត្រូវ តាមប្រព័ន្ធកុំព្យូទ័ររបស់យើង ដូច្នេះត្រូវអញ្ជើញគាត់មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី»។

សម្ដេច សង្កេតឃើញថា ចំពោះប្រជាពលរដ្ឋដែលមិន អញ្ជើញធ្វើអត្តសញ្ញាណប័ណ្ណថ្មី ដោយសារជាប់ធ្វើក្រៅស្រុក មួយវិញទៀតដាក់អត្តសញ្ញាណប័ណ្ណ នៅកន្លែងបញ្ចាំ។ សម្ដេចថា ច្បាប់ថ្មី មិនអនុញ្ញាតឲ្យពលរដ្ឋ ដាក់អត្តសញ្ញាណប័ណ្ណបញ្ចាំ ហើយអ្នកទទួលអត្តសញ្ញាណប័ណ្ណបញ្ចាំ គឺខុសច្បាប់ដូចគ្នាដែរ។

លើសពីនេះ សម្ដេច ស ខេង ណែនាំអាជ្ញាធរក្នុងមូលដ្ឋាន ត្រូវជំរុញប្រជាពលរដ្ឋរបស់ មកធ្វើអត្តសញ្ញាណប័ណ្ណថ្មី ឥតគិតថ្លៃ ព្រោះរាជរដ្ឋាភិបាល បានចំណាយទុនយ៉ាងច្រើន ដើម្បីផលិតអត្តសញ្ញាណប័ណ្ណ ជូនប្រជាពលរដ្ឋខ្មែរ៕

To Top