បរទេស៖ រដ្ឋមន្ត្រីការបរទេស នៃប្រទេសអ៊ីរ៉ង់លោក Amir Abdollahian កាលពីថ្ងៃអង្គារម្សិលមិញនេះ បានធ្វើការលើកឡើងដោយស្តីបន្ទោស ទៅឲ្យសហរដ្ឋអាមេរិកថា បានធ្វើការត្រួតពិនិត្យ និងប្រើប្រាស់គោលនយោបាយ មិនត្រឹមត្រូវដែលនាំឲ្យមានការជាប់គាំង ផ្នែកកិច្ចការងារចរចា កិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ២០១៥។
លោក Amir Abdollahian បានថ្លែងបែបនេះនៅក្នុងកម្មវិធី នៃកិច្ចប្រជុំថ្នាក់កំពូលមួយ ដែលរៀបចំធ្វើឡើងនៅក្នុងទីក្រុង Geneva ប្រទេសស្វីសហើយបានបញ្ជាក់ទៀតថា ប្រសិនគ្រប់ភាគីបានកំណត់ និងបង្ហាញនូវបំណងចង់បាន ដែលល្អប្រសើរតែបន្តិចនោះបញ្ហាមួយចំនួនធំ នឹងត្រូវបានដោះស្រាយជាមិនខាន។
លោកបានបន្តពន្យល់ថា៖ សហរដ្ឋអាមេរិកចាំបាច់ត្រូវតែបង្ហាញ នូវការតាំងចិត្តនិងពេលវេលា សម្រាប់កិច្ចចរចាហើយភាគីខាងអ៊ីរ៉ង់ គឺបានត្រៀមខ្លួនរួចជាស្រេចទៅហើយ ក្នុងការបន្តការចរចាគ្នារហូតដល់ កិច្ចព្រមព្រៀងត្រូវបានដំណើរការឡើងវិញ។
លោក Amir-Abdollahian បាននិយាយទៀតថា៖ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់ នឹងពោរពេញទៅដោយសន្តិភាព ហើយរដ្ឋាភិបាលទីក្រុង តេហរ៉ង់បានប្តេជ្ញាបន្តកាតព្វកិច្ចរបស់ខ្លួន ក្រោមកិច្ចព្រមព្រៀងក្នុងការមើលថែ និងការពារកិច្ចព្រមព្រៀងនុយក្លេអ៊ែរ មួយនេះជានិច្ច ៕
ប្រែសម្រួល៖ ស៊ុន លី