ព័ត៌មានជាតិ

មន្រ្តីជំនាញ ៖ ភាគីពាក់ព័ន្ធត្រូវប្រកាស ឲ្យពលរដ្ឋប្រយ័ត្ន ចំពោះការទិញផលិតផល តាមអនឡាញ

ភ្នំពេញ ៖ នាយកឧត្តមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ 

បានប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការទិញផលិតផល តាមអនឡាញ។

ការថ្លែងរបស់លោកនេះ បន្ទាប់កាលពីពេលថ្មីៗនេះ ក្រសួងសុខាភិបាល និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀត បានជួបប្រជុំពិភាក្សា។

ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារវាង គណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ (គ.ប.ផ.ក) និងសហព័ន្ធវិនិយោគិនកម្ពុជា (សមាគមអ្នកលក់ឱសថកម្ពុជា) នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក មៀច សុផាន់ណា បានឲ្យដឹងថា កន្លងមក គណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិត ផលក្លែងក្លាយ បានធ្វើការចុះបង្ក្រាបអ្នកលក់ផលិតផលក្លែងក្លាយ តាមអនឡាញជាបន្តបន្ទាប់។

លោកមានប្រសាសន៍ថា “ក្រសួងសុខាភិបាល បានចូលរួមយ៉ាងសកម្ម បានធ្វើការជាមួយយើង (គណៈកម្មាធិការ ផលិតផលក្លែងក្លាយ)។ក្រសួងសុខាភិបាល បានប្រកាសថា ប្រជាជនយើង ត្រូវមានការប្រុងប្រយ័ត្នប្រយែងចំពោះការទិញ ឬជាវ របស់តាមអនឡាញ ពីព្រោះយើងអត់បាន ពិនិត្យឃើញរបស់ហ្នឹងគុណភាពយ៉ាងម៉េចទេ? ឃើញតែគេរៀបរាប់ឃោសនា យើងមិនដឹងថា ពិត ឬមិនពិត?”។

ឆ្លៀតឱកាសនោះដែរ លោក មៀច សុផាន់ណា លើកឡើងទៀតថា គណៈកម្មាធិការប្រយុទ្ធប្រឆាំង ផលិតផលក្លែងក្លាយ ក៏មានគ្រោងដុតកម្ទេចចោលនូវផលិតផលក្លែងក្លាត នៅខេត្តកំពង់ធំ ប្រមាណជា១០តោន។ លោកថា នៅរាជធានីភ្នំពេញ ផលិតផលក្លែងក្លាយ  ប្រមាណជា ១០០តោន នឹងដុតកម្ទេចចោល នៅដើមខែមីនា ឆ្នាំ២០២០ ខាងមុខនេះ។ចំណែក ជនល្មើសដែលចាប់បាន ក៏ត្រូវបាន បញ្ជូនតុលាការដើម្បីកាត់ទោសឲ្យជាប់ពន្ធនាគារ។ 

ក្នុងពិធីចុះហត្ថលេខានេះ ប្រធានគណៈកម្មាធិការ ប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ក៏បានបញ្ជាក់ថា ដោយ មើលឃើញពីភាពចាំបាច់ និងសារសំខាន់ក្នុងការបង្កើន កិច្ចសហប្រតិបត្តិការជាមួយ វិស័យឯកជន ទើបសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអនុញ្ញាត្តឲ្យ គណៈកម្មាធិការចុះអនុស្សរណៈជាមួយសមាគអ្នកលក់ឱសថកម្ពុជា។

 ខ្លឹមសារ នៃអនុស្សរណៈនេះ បានផ្ដោតសំខាន់លើកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងការនាំចូល ការផលិត និងការចែកចាយនូវផលិតផលឱសថ គ្រឿងសម្អាងក្លែងក្លាយខុសច្បាប់ នាំចូលដោយគ្មានអាជ្ញាប័ណ្ណ រំលាភលើកម្មសិទ្ធិបញ្ញា រំលោភលើសិទ្ធិនាំចូលផ្ដាច់មុខ នៅកម្ពុជា។

ចំណែក លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមអ្នកលក់ឱសថកម្ពុជា បានលើកឡើងថា ការចុះអនុស្សរណៈនេះ មិនត្រឹមតែផ្ដល់អត្ថប្រយោជន៍ដល់អ្នកប្រើប្រាស់ប៉ុណ្ណោះទេ ថែមទាំងការពារអ្នកវិនិយោគសុច្ចរិត និងសហគ្រាសទាំងឡាយដែល ប្រកបរបបស្របច្បាប់ និងរកស៊ីប្រកួតប្រជែងដោយភាពត្រឹមត្រូវ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពិតជាបានផ្ដល់នូវសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជាផងដែរ៕

ដោយ ៖អេង ប៊ូឆេង

To Top