តូក្យូ៖ គណៈកម្មាធិការរៀបចំការប្រកួត កីឡាអូឡាំពិកទីក្រុងតូក្យូ បានធានាដល់អត្តពលិក និងអ្នកគាំទ្រថា នឹងមិនមានការលុបចោលជាដាច់ខាតនៃការប្រកួត កីឡាអូឡាំពិករដូវក្តៅឆ្នាំ ២០២០ ដោយសារតែការផ្ទុះឡើង នៃវីរុសនេះប៉ុន្តែមិនទាន់បានពន្យល់ឲ្យបានពេញលេញពីរបៀបការពារ គ្រប់មធ្យោបាយដែលអាចធ្វើទៅបានដើម្បីកាត់បន្ថយការគំរាមកំហែង យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។
ពួកគេបាននិយាយថា ដោយមានរយៈពេលតិចជាង ៦ ខែរហូតដល់ការប្រកួតបានចាប់ផ្តើមនៅប្រទេសជប៉ុន សហគមន៍អន្តរជាតិនៅតែបន្តតស៊ូជាមួយវីរុសថ្មីដ៏សាហាវ ដែលមានដើមកំណើតនៅទីក្រុងវ៉ូហានប្រទេសចិនកាលពីខែធ្នូ និងបណ្តាលឲ្យមានរោគសញ្ញាដូចជំងឺរលាកសួត។ អង្គការសុខភាពពិភពលោក បានប្រកាសពីការផ្ទុះឡើងនៃវីរុសបានវាយប្រហារប្រទេសចិនខ្លាំងបំផុត ជាភាពអាសន្នផ្នែកសុខភាពពិភពលោកកាលពី ថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
នាយករដ្ឋមន្រ្តីស៊ីនហ្សូ អាបេ បានមានប្រសាសន៍ថា គ្មានការផ្លាស់ប្តូរចំពោះការធ្វើជាម្ចាស់ផ្ទះអូឡាំពិក និងប៉ារ៉ាឡាំពិកនៅរដូវក្ដៅនេះទេ ទោះបីជាមានការផ្ទុះឡើងនូវវីរុសថ្មីមួយ ដែលបានរីករាលដាលពាសពេញពិភពលោកក៏ដោយ។
លោកអាបេបានអះអាងថា បើនិយាយអំពីថា តើត្រូវរៀបចំព្រឹត្តិការណ៍អូឡាំពិកតូក្យូ (តាមការគ្រោងទុក) ខ្ញុំចង់បញ្ជាក់ឲ្យច្បាស់ថាមិនមានការពិភាក្សា ឬផែនការណាមួយត្រូវបាន ពិចារណារវាងអ្នករៀបចំនិងគណៈកម្មាធិការអូឡាំពិក អន្តរជាតិចាប់តាំងពីអង្គការសុខភាព ពិភពលោកប្រកាសអាសន្ននោះទេ៕
ដោយ៖លី ភីលីព