ភ្នំពេញ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីសម្ពោធឆ្លងអគារសាលារៀន អគារសាលាវិបស្សនា និងសមិទ្ធផលនានា ក្នុងវត្តព្រះបរមរាជមហាពោធិបញ្ចសហស្សារាម (ហៅវត្តពោធិ៍ ៥.០០០ ដើម) និងបញ្ចុះបឋមសិលាសាងសង់អគារចិញ្ចឹម និងថែទាំមនុស្សចាស់ជរា នៅមជ្ឈមណ្ឌលវិបស្សនាធុរៈភូមិភាគឦសាននៃកម្ពុជា នាខេត្តព្រះវិហារ នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។
លោក សូមចូលរួមអបអរសាទរ ចំពោះសមិទ្ធផលជាច្រើនដែលកើតមាន នៅក្នុងទីអារាមទើបមាន អាយុកាលប្រមាណជាង ៦ឆ្នាំ មួយនេះ និងសូមកោតសរសើរចំពោះ ចក្ខុវិស័យវែងឆ្ងាយរបស់ព្រះចៅអធិការវត្ត ដែលបានផ្តួចផ្តើមប្រកបដោយភាពច្នៃប្រឌិត ក្នុងការកសាងសមិទ្ធផលទាំងអស់នេះ ឱុ្យចេញជារូបរាងទ្បើង ដោយមានការចូលរួមពីសប្បុរសជនជិតឆ្ងាយ ដើម្បីជាប្រយោជន៍ដល់ពុទ្ធបរិស័ទគ្រប់រូប ជាពិសេសប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ។ វឌ្ឍនភាពនេះ ក៏មិនអាចកាត់ផ្តាច់បានឡើង ពីបរិយាកាសគ្របដណ្តប់នៃ កត្តាសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស ដែលជាបច្ច័យដ៏មានតម្លៃមហាសាល នាំឱ្យមានអ្វីៗគ្រប់យ៉ាងដូចថ្ងៃនេះ។
លោកបណ្ឌិត បានលើកឡើងថា គ្រប់សាសនាទាំងអស់បានអប់រំ មនុស្សឱ្យប្រកាន់ខ្ជាប់នូវការប្រព្រឹត្តអំពើបុណ្យ និងកិរិយាមាយាទប្រកបដោយសីលធម៌ និងគុណធម៌ ដែលរួមចំណែកដល់ការធានានូវភាពសុខដុមរមនា ការយល់យោគអត់ឱនអធ្យាស្រ័យ និងសុចរិតធម៌ក្នុងសង្គម។ ជាមួយនឹងជំនឿយ៉ាងមុតមាំនេះ សម្តេចតេជោ តែងបានប្រកាន់ខ្ជាប់នូវការខិតខំ កសាងអំពើបុណ្យជាមួយប្រជាពលរដ្ឋខ្មែរ ដោយក្តីអាណិតអាសូរ និងមិនមានការរើសអើង ដែលនេះគឺជាមូលដ្ឋានចម្បង ក្នុងការសម្រេចបាននូវការផ្សះផ្សាររួបរួមជាតិខ្មែរ រហូតឈានមកដល់ការបញ្ចប់ សង្រ្គាមស៊ីវិលទាំងស្រុងនៅលើ ទឹកដីអង្គរដ៏បវរនៃយើង។ អំពើជាកុសលទាំងនេះ បានផ្តល់ផលបុណ្យតបស្នងជូនដល់ សម្តេចតេជោវិញ តាមរយៈការទទួលបាននូវក្តីស្រឡាញ់ស្មោះស្ម័គ្រ និងជំនឿទុកចិត្តពីសំណាក់ប្រជាជនកម្ពុជា គ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស។
លោក រំលេចផងដែរថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលបានកសាងសមិទ្ធផល លេចធ្លោច្រើនសន្ធឹកសន្ធាប់ក្នុងការបម្រើជាតិ និងប្រជាជន ក្នុងអតីតកាល និងបន្តរហូតមកដល់បច្ចុប្បន្ន ហើយតទៅអនាគត ក៏នឹងនៅតែបន្តខិតខំប្រឹងប្រែង រែកពន់អម្រែកភារកិច្ច និងជម្នះរាល់ឧបសគ្គ ដើម្បីបុព្វហេតុតែមួយគត់ គឺភាពសុខសាន្ត និងការអភិវឌ្ឍរីកចម្រើនរុងរឿងសម្រាប់ជាតិ និងប្រជាជនខ្មែរគ្រប់ជំនាន់៕