ព័ត៌មានជាតិ

សម្ដេច ស ខេង​ ជួបសម្ដែងការគួរសមជាមួយ លោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម

ភ្នំពេញ ៖ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញចូលជួបសម្ដែងការគួរសមលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម។

នាឱកាសនោះ លោកនាយករដ្ឋមន្ត្រី បានបង្ហាញការស្វាគមន៍ចំពោះវត្តមាន សម្ដេច ស ខេង និងគណៈប្រតិភូ។ ជាការឆ្លើយតប សម្ដេច  ស ខេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ នាយករដ្ឋមន្ត្រី ផាម មិញជិញ ដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបគណៈប្រតិភូក្រសួងមហាផ្ទៃ នាឱកាសបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម។ 

សម្ដេច ស ខេង ក៏បានជម្រាបជូន នាយករដ្ឋមន្ត្រី ផាម មិញជិញ អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាម។ នាយករដ្ឋមន្ត្រី ផាម មិញជិញ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងទាំងពីរ និងបានលើកទឹកចិត្តខ្ពស់សម្រាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងក្រសួងនគរបាលវៀតណាមនាឆ្នាំ២០២៣។

សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ កម្ពុជា សម្ដេចក្រឡាហោម ស ខេង បំពេញទស្សនកិច្ចការងារ ចាប់ពីថ្ងៃទី៣ ដល់៥ ខែមីនា ឆ្នាំ២០២៣ ។

ដំណើរទស្សនកិច្ចនេះ ជាការបន្តអនុវត្តយន្តការសហប្រតិបត្តិការទ្វេភាគីប្រចាំឆ្នាំ រវាងក្រសួង មហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដោយ សម្ដេចក្រឡាហោម បានអញ្ជើញធ្វើជាសហប្រធានដឹកនាំកិច្ចប្រជុំពិនិត្យវាយតម្លៃលទ្ធផល កិច្ចសហប្រតិបត្តិការឆ្នាំ២០២២ និងចុះហត្ថលេខា លើផែនការសហប្រតិបត្តិការឆ្នាំ២០២៣ សម្រាប់ អនុវត្តបន្តក្នុងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងទាំងពីរ៕

To Top