ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានបង្ហាញសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខ ដោយរំពឹង នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត។
សម្ដេចក្រឡាហោម ស ខេង និងឧត្តមសេនីយ៍ឯក តូ ឡឹម បានបង្ហាញសុទិដ្ឋិនិយមបែបនេះ ក្នុងកិច្ចប្រជុំ ស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅថ្ងៃទី៤ ខែមីនាឆ្នាំ២០២៣។
នាឱកាសនៃកិច្ចប្រជុំនោះ សម្ដេចក្រឡាហោម ស ខេង និងឧត្តមសេនីយ៍ឯក តូ ឡឹម បានមានប្រសាសន៍ថ្លែងអំណរគុណទៅវិញទៅមកចំពោះការខិតខំប្រឹងប្រែងពង្រឹងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាឆ្នាំកន្លងទៅ ដែលនាំមកនូវវឌ្ឍនភាពគួរឱ្យកត់សម្គាល់។ ភាគីទាំងពីរ ក៏បានបង្ហាញសុទិដ្ឋិនិយមចំពោះផែនការសហប្រតិបត្តិការនាឆ្នាំថ្មីខាងមុខនេះ ដោយមានក្ដីរំពឹងថា នឹងកាន់តែមានលទ្ធផលល្អប្រសើរថែមទៀត។
កិច្ចប្រជុំ ស្ដីពីសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាមនាឆ្នាំនេះ បានប្រព្រឹត្តទៅដោយមានការរៀបចំជាផ្ទះដោយភាគីវៀតណាម។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជាន់ខ្ពស់នៃក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលជាតិវៀតណាម។
សូមបញ្ជាក់ថា តបតាមការអញ្ជើញរបស់ ឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្ដេចក្រឡាហោម ស ខេង បានបំពេញទស្សនកិច្ចការងារ នៅវៀតណាម ចាប់ពីថ្ងៃទី ៣-៥ ខែមីនា ឆ្នាំ២០២៣៕