ព័ត៌មានជាតិ

កម្ពុជា​-ឡាវ​ នឹងប្រែក្លាយព្រំដែន​ឲ្យទៅជា​សន្តិភាព​ និងអភិវឌ្ឍន៍គ្រប់វិស័យ

ភ្នំពេញ​ ៖​ ថ្នាក់ដឹកនាំកម្ពុជា​-ឡាវ​ បានសន្យារួមគ្នាថា នឹងប្រែក្លាយខ្សែព្រំដែន​ឲ្យទៅជា​ព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេស​ នាំមកនូវភាពសុខសាន្តជូនប្រជាជន​ នៃ​ប្រទេសទាំងពីរ។ 

ក្នុងជំនួបពិភាក្សាការងារជាមួយ​ លោក ប៊ុនញ៉ាំង វរជិត (Bounnhang Vorachith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ សម្តេច​ សាយ​ ឈុំ​ ប្រធានព្រឹទ្ធសភាបានអបអរសាទរ​ ចំពោះលទ្ធផលខណ្ឌសីមា និងបោះបង្គោល ព្រំដែនបានរួចរាល់ចំនួន៨៦% ខណៈនៅសល់១៤%ទៀត ប្រទេសទាំងពីរ បាននឹងកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ចប់។ 

សម្ដេច​មានប្រសាសន៍ថា​ “លទ្ធផលដែលសម្រេចបានគួរជាទីមោទកនេះ បញ្ជាក់ឲ្យឃើញពីការខិតខំប្រឹងប្រែង យ៉ាងពេញទំហឹងក្នុងសុឆន្ទៈមោះមុតយ៉ាងពិតប្រាកដក្នុងការដោះស្រាយបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីប្រែក្លាយខ្សែព្រំដែនជាព្រំដែន សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍលើគ្រប់វិស័យ នាំមកនូវភាពសុខសាន្តជូនប្រទេសជាតិ និងប្រជាជននៃប្រទេសទាំងពីរយូរអង្វែងជាមរតកសម្រាប់អ្នកជំនាន់ក្រោយ”។ 

លោក ប៊ុនញ៉ាំង វរជិត​ បានឲ្យដឹងដែរថា​ ឡាវ-កម្ពុជា​  ជានិច្ចជាកាលតែងតែរួមគ្នាថែរក្សាសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ទោះបីជាប្រទេសទាំងពីរជួបឧបសគ្គយ៉ាងណាក៏ដោយ ក៏ប្រទេសទាំងពីរបានខិតខំដើម្បីសុខដុមរមនា សម្រាប់ជីវភាពរស់របស់ប្រជាជនឲ្យកាន់តែល្អប្រសើរឡើង។ 

លោកបន្ថែម​ថា​ ប្រទេសទាំងពីររួមគ្នាថែរក្សាការពារព្រំដែនឲ្យមានសន្តិសុខ ដើម្បីឲ្យព្រំដែនក្លាយជាព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បញ្ហាប្រឈម និងបញ្ហាគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ ការជួញដូរខុសច្បាប់ ទាមទារឱ្យសមត្ថកិច្ចនៃប្រទេសទាំងពីរ ត្រូវខិតខំសហការជាមួយគ្នា ដើម្បីប្រឆាំងនឹងអំពើខុសច្បាប់នេះ។

ឆ្លៀតឱកាសនោះដែរ​ ប្រធានរដ្ឋឡាវ​ លេីកឡេីងថា​ឡាវបានលក់អគ្គិសនីឲ្យកម្ពុជាចំនួន ១៩៥ មេហ្គាវ៉ាត់ ហើយបើតាមផែនការកម្ពុជាត្រូវការអគ្កិសនីចំនួន ៣.០០០ មេហ្គាវ៉ាត់បន្ថែមទៀតនៅឆ្នាំ២០៣០៕

ដោយ​  អេង​ ប៊ូឆេង​

To Top