ព័ត៌មានអន្តរជាតិ

អ្នកជំនាញថៃ គាំទ្រជំហរ​របស់​ចិន​ លើ​ដំណោះស្រាយ​នយោបាយ​ នៃ​វិបត្តិ​អ៊ុយក្រែន

បាងកក៖ អ្នកជំនាញថៃបានឲ្យដឹងថា សំណើរបស់ចិនសម្រាប់ដំណោះស្រាយនយោបាយ នៃវិបត្តិអ៊ុយក្រែន រួមបញ្ចូលនូវធាតុចាំបាច់ទាំងអស់ ដែលអាចសម្រេចបានបទឈប់បាញ់ និងនាំទៅរកសន្តិភាពជាយថាហេតុ ដោយហេតុនេះ ទទួលបានការគាំទ្រពីអ្នកជំនាញថៃ។

លោក Kavi Chongkittavorn សាស្ត្រាចារ្យជាន់ខ្ពស់នៃវិទ្យាស្ថានសន្តិសុខ និងការសិក្សាអន្តរជាតិ នៃសាកលវិទ្យាល័យ Chulalongkorn ដែលមានមូលដ្ឋាននៅទីក្រុងបាងកក បានធ្វើការកត់សម្គាល់នេះ ខណៈកំពុងធ្វើអត្ថាធិប្បាយលើក្រដាស ដែលបញ្ជាក់ពីជំហររបស់ប្រទេសចិន លើដំណោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែន។

នៅក្នុងក្រដាសនោះ ចិនស្នើដំណោះស្រាយចំពោះវិបត្តិដែលដោះស្រាយទាំងរោគសញ្ញា និងមូលហេតុ ហើយចាត់ទុកថាការសន្ទនា និងការចរចាគឺជាដំណោះស្រាយ ដែលអាចសម្រេចបានតែមួយគត់ ចំពោះវិបត្តិអ៊ុយក្រែន។

លោកបានលើកឡើងថា សំណើរបស់ចិន សម្រាប់សន្តិភាពនៅអ៊ុយក្រែន “គួរតែត្រូវបានគេពិចារណាយ៉ាងម៉ត់ចត់ ព្រោះវារួមបញ្ចូលនូវធាតុផ្សំចាំបាច់ទាំងអស់ ដែលអាចសម្រេចបានបទឈប់បាញ់ ដែលនាំទៅដល់សន្តិភាពជាយថាហេតុ”។

លោកបានបន្ដថា ជំហររបស់ប្រទេសចិន បានឆ្លើយតបយ៉ាងល្អជាមួយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលអំពាវនាវឱ្យមានការគោរព អធិបតេយ្យភាពជាតិ នៃប្រទេសទាំងអស់ ការចរចាសន្តិភាពឡើងវិញ ការដោះស្រាយវិបត្តិមនុស្សធម៌ ក៏ដូចជាការកាត់បន្ថយហានិភ័យជាយុទ្ធសាស្ត្រ។

លោកបានសរសេរថា “សម្រាប់តំបន់ ការអំពាវនាវណាមួយ ឱ្យមានការសន្ទនាដោយសន្តិវិធី និងជំនួយមនុស្សធម៌យ៉ាងឆាប់រហ័សឆ្លុះបញ្ចាំង ពីការពិតនៅលើមូលដ្ឋាន ដែលប្រទេសក្នុងតំបន់កំពុងប្រឈមមុខ និងសមនឹងទទួលបានការគាំទ្រ”៕ប្រែសម្រួល ឈូក បូរ៉ា

To Top