ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃកម្ពុជា បានថ្លែងថា ក្រោមម្លប់នៃសន្តិភាព ស្រ្តីកម្ពុជា បានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍសង្គមផងដែរ។
ក្នុងពិធីជួបសំណេះសំណាល ជាមួយគណៈប្រតិភូស្ត្រីមកពីគ្រប់ក្រសួង ស្ថាប័ន នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចំនួន២០០នាក់ ដឹកនាំដោយ លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ក្នុងឱកាសអបអរសាទរខួបទី១១២ ទិវាអន្តរជាតិនារី៨មីនា នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច សាយ ឈុំ បញ្ជាក់ថា ការជំរុញឲ្យមានសមធម៌យេនឌ័រ និងដំណើរឆ្ពោះទៅរកសមភាពយេនឌ័រពិតប្រាកដ ដែលបានចាត់ទុក «ស្រ្តីគឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ » បានរួមចំណែកធ្វើឲ្យសម្រេចនូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ហើយកិច្ចការនេះ នឹងត្រូវសហការគ្នាឲ្យល្អ រវាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ដើម្បីឆ្ពោះទៅសម្រេចបានការ រំពឹងទុកខ្ពស់ក្នុងការប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ ក្នុងឆ្នាំ២០៥០ ។
សម្តេចថា «ក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍ ស្រ្តីកម្ពុជាបានក្លាយជាកម្លាំងចលករ ដែលរួមចំណែកជំរុញ កំណើនសេដ្ឋកិច្ចជាតិ ការអភិវឌ្ឍសង្គម ហើយបច្ចុប្បន្នស្ត្រីមានកាលានុវត្តភាព ក្នុងការអនុវត្តសិទ្ធិ អភិវឌ្ឍន៍ចំណេះដឹង ជំនាញ និងបច្ចេកវិទ្យាឌីជីថល ដែលជាមូលដ្ឋានគ្រឹះក្នុងការប្រកួតប្រជែង ប្រកបដោយសក្តានុពល នៅក្នុងទីផ្សារ សេដ្ឋកិច្ចសេរីទាំង នៅថ្នាក់ជាតិ-អន្តរជាតិ និងនៅក្នុងតំបន់ ហើយស្រ្តីក៏ជាអ្នកទទួលបានភាគផល ពីកិច្ចអភិវឌ្ឍលើគ្រប់វិស័យដែលធ្វើឲ្យជីវភាពរស់នៅរបស់ស្រ្តី និងក្រុមគ្រួសារមានភាពប្រសើរឡើង បានកាត់បន្ថយភាពងាយរងគ្រោះ និងរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ»។
សម្តេចប្រមុខរដ្ឋស្តីទី គាំទ្ររាជរដ្ឋាភិបាល ដែលបានកំពុងផ្តោតការយកចិត្តទុកដាក់ ដោះស្រាយគម្លាតយេនឌ័រ ក្នុងវិស័យឌីជីថល និងការបង្កើនការចូលរួម របស់ស្រ្តីនៅក្នុងវិស័យឌីជីថល ។ ការដាក់ចេញ គោលនយោបាយនេះ បានឆ្លុះបញ្ចាំងពីឆន្ទៈ និងការប្តេជ្ញាខ្ពស់ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ៕