ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែងជូន នាយទាហានកងពលតូច អន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចូលរួម ក្នុងពិធីប្រកាសតែងតាំង ផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូច អន្តរាគមន៍លេខ១២៨ យោធភូមិភាគទី១ នាខេត្តស្ទឹងត្រែង នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣ ។

លោកមេបញ្ជាការ ចូលរួមអបអរសាទរ ជាមួយនឹងនាយទាហាន ដែលទទួលបានការទុកចិត្ត ពីក្រសួង ការពារជាតិ អគ្គបញ្ជាការដ្ឋាន និងបញ្ជាការដ្ឋាន កងទ័ពជើងគោក ចំពោះការតែងតាំង និងការកែសម្រួលមុខតំណែងថ្មី ដែលស័ក្តិសម នឹងសមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃ ដែលបានខិតខំប្រឹងប្រែងបំពេញ ជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវ នារយៈកាលកន្លងមក ។ ជាមួយនឹងការទទួល បាននូវការទទួលខុសត្រូវក្នុងមុខតំណែងថ្មី, សូមផ្តាំផ្ញើនូវភារកិច្ច ០៣ សម្រាប់ថ្នាក់ដឹកនាំក្នុងជួរបញ្ជាការ ដូចតទៅ៖ ទី១. រក្សាសមិទ្ធផល របស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, ទី២. បន្តកសាងពង្រឹងអង្គភាពបន្ថែម លើគ្រប់វិស័យ និងទី៣. រៀបចំជាមូលដ្ឋានទុកឱ្យនាយទាហានបន្តវេន ព្រមទាំងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ សម្រាប់ជំនាន់ក្រោយៗទៀត។

លោកឧត្តមសេនីយ៍ រំលេចថា ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះ សម្រាប់ការអភិវឌ្ឍ និងជីវភាពរស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារយ៉ាងគត់ មត់ដោយកម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញ រាជរដ្ឋាភិបាល ដែលមាន សម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការចូល រួមចំណែកមិនអាចខ្វះ បានពីសំណាក់កងយោធពលខេមរភូមិន្ទ ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ។

លោក ម៉ាណែត សូមថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះយោធភូមិភាគីទី១, កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តាស្ថាប័ន-កងឯកភាពចំណុះយោធភូមភាគទី១ ទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរ ជូនប្រជាជនក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈ។

លោកបន្ថែមថា ការពង្រឹងប្រៀបការពារជាតិ គឺជាកាតព្វកិច្ចស្របតាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈ ហើយដែលទាំងអស់នេះ គឺជាផ្នែកមួយនៃកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ ដែលកំពុងដំណើរ ការទៅមុខ ឱ្យសមស្របនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ក្នុងទិសដៅនេះ កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្តជំរុញផងដែរ នូវដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្ត នៃសភាពការណ៍ដែលបន្ត ប្រែប្រួលឥតឈប់ឈរ ៕

To Top