គៀវ៖ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ី អង្គភាពវាយប្រហារតាមអាកាសរបស់រុស្សី បានទទួលការ គ្រប់គ្រងលើ “ទីតាំងមាន គុណសម្បត្តិ” នៅក្នុងផ្នែកនៃការប្រកួតប្រជែងដ៏ខ្លាំងក្លានៃទីក្រុង Bakhmut នៃតំបន់ដុនបាស។
យោងតាមមន្ត្រីដែលគាំទ្រដោយវិមានក្រឹមឡាំងនៅក្នុងតំបន់ Luhansk បានឱ្យដឹងថា កងកម្លាំងវាយលុករបស់ទីក្រុងមូស្គូ បានបង្កើត “ក្បាលស្ពានល្អ” ឬទីតាំងដ៏រឹងមាំមួយនៅក្នុងទឹកដីសត្រូវ ដើម្បីឈានទៅមុខឆ្លងកាត់ទីក្រុង ដែលកងកម្លាំង អ៊ុយក្រែន នៅតែការពារ។
អតីតមេបញ្ជាការ Andrey Marochko បានឲ្យដឹងនៅថ្ងៃអាទិត្យនេះថា ទីតាំងទាំងនេះស្ថិតនៅក្នុងទឹកដីជុំវិញ រោងចក្រកែច្នៃលោហៈរបស់ទីក្រុង Bakhmut នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី Tass ។ លោកបានបន្ថែមថា ដូច្នេះទាហានរុស្ស៊ីអាច “គ្រប់គ្រងចលនា” របស់យុទ្ធជនអ៊ុយក្រែនបាន។
ទីក្រុង Bakhmut របស់តំបន់ Donetsk គឺជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លាជាច្រើនខែរវាងកងកម្លាំងទាហានរុស្ស៊ី និងទាហានប៉ារ៉ាប្រឆាំងនឹងកងទ័ពអ៊ុយក្រែន។ អ៊ុយក្រែនបានប្តេជ្ញាការពារទីក្រុងបន្ទាយនេះ ប៉ុន្តែទាហានរុស្ស៊ីបានដណ្តើមយកទឹកដីទីនោះបន្តិចម្តងៗក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អ្នកវិភាគបានចាប់ផ្ដើមផ្ដល់យោបល់ថាសមរភូមិទំនងជានឹងបញ្ចប់ក្នុងពេលឆាប់ៗនៅទីក្រុងនេះ។
កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបានដកស្រង់ “អ្នកឆ្លើយឆ្លងព័ត៌មានយោធា” ដែលបានឲ្យដឹងនៅលើ Telegram ថាកងកម្លាំងស៊ីឈ្នួល Wagner បានចូលទៅក្នុងរោងចក្រកែច្នៃដែក AZOM ពីភាគខាងជើងនៃទីក្រុង។ អង្គភាពបានចាប់ផ្តើម “ផ្លាស់ទីជ្រៅទៅក្នុងទឹកដីនៃសហគ្រាសឧស្សាហកម្ម”៕
ប្រែសម្រួល ឈូក បូរ៉ា