ភ្នំពេញ ៖ បេក្ខជន នៃអនាគតនាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជា បានលើកបែបចំអកទៅក្រុមប្រឆាំង ជាពិសេសលោក សម រង្ស៊ីតែម្តងថា អស់មានអ្វីនឹងលើក យកមកវាយប្រហារហើយ ទើបបានជាខំប្រឹងច្នៃប្រឌិតរឿង មកវាយបំបែកបំបាក់ផ្ទៃក្នុង បក្សប្រជាជនកម្ពុជា ។
កាលពីសប្តាហ៍មុន លោក សម រង្ស៊ីបានបង្ហាញក្នុងហ្វេសប៊ុកដោយគាំទ្រលោក ទៀ សីហាកូនប្រុសសម្តេច ទៀ បាញ់ ជាអនាគតបេក្ខភាពនាយករដ្ឋមន្រ្តី ជំនួសលោក ហ៊ុន ម៉ាណែត ។ ប៉ុន្តែក្រោយចេញផ្សាររបស់អតីតមេបក្សប្រឆាំងរូបនេះ ទាំងសម្តេចទៀ បាញ់ ប្រមុខការពារជាតិកម្ពុជា ក្រសួងការពារជាតិ និងលោក ទៀ សីហាផ្ទាល់បានប្រតិកម្មប្រឆាំងចំពោះសារនយោបាយរបស់លោក សម រង្ស៊ី ។
សម្រាប់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពផ្ទាល់ នៃអនាគតនាយករដ្ឋមន្រ្តីនាថ្ងៃ១៣ មីនា នេះក៏បានចេញសារប្រតិកម្មតបវិញផងដែរ ។ លោកថា “មើលទៅមជ្ឈដ្ឋានប្រឆាំង អស់អ្វីនឹងលើកយកមកវាយប្រហារហើយ បានជាខំប្រឹងប្រឌិតរឿងប្លែកៗ ព្យាយាមបំបែកបំបាក់ផ្ទៃក្នុងរបស់គេ ។ រហូតដល់ទៅយកអត្ថបទមួយ ដែលសរសេរដោយជនបរទេសម្នាក់ ដែលតែងតែសរសេរផ្អែកលើមូលដ្ឋាន នៃពាក្យចរចាមអារ៉ាម (ព្រោះក្នុងការសរសេរម្តងៗរបស់គាត់ ឃើញតែដាក់ពីប្រភពនេះប្រភពនោះ ដែលមិនច្បាស់លាស់ថា ជាប្រភពណាពិតប្រាកដ គឺប្រហែលជាប្រភពខ្យល់ច្រើនជាង)” ។
លោកក៏សង្ឃឹមថា ការបញ្ជាក់របស់សម្តេច ទៀ បាញ់ និងក្រសួងការពារជាតិ អាចឲ្យមហាជនបានដឹងច្បាស់អំពីការពិត។
លោក សម រង្ស៊ី កាលពីថ្ងៃ១០ មីនា បានលើកឡើងថា “ក្នុងនាមគណបក្សសង្គ្រោះជាតិ ដែលបានទទួលសំឡេងសន្លឹកឆ្នោត៤៤% ក្នុងការបោះឆ្នោតថ្នាក់ជាតិ ឆ្នាំ២០១៣ និងថ្នាក់ឃុំ-សង្កាត់ ឆ្នាំ ២០១៧ ខ្ញុំ សម រង្ស៊ី សូមគាំទ្របេក្ខភាពលោក ទៀ សីហា ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិរដ្ឋសភាទី ៧ គឺពីឆ្នាំ ២០២៣ ដល់ ២០២៨។ ប្រជារាស្ត្រខ្មែរដែលចង់បានសេរីភាព និងយុត្តិធម៌ ត្រូវតែរួបរួមគ្នា ជុំវិញលោក ទៀ សីហា, លោក ទៀ បាញ់ និងលោក ទៀ វិញ ដើម្បីជម្រុញឲ្យមានការផ្លាស់ប្តូរ តាមបែបបទប្រជាធិបតេយ្យ គឺដោយអហិង្សា និងសន្តិវិធី តាមរយៈការបោះឆ្នោត ដោយសេរី និងយុត្តិធម៌” ។
ចំពោះករណីនេះ សម្តេច ទៀ បាញ់ បានប្រឆាំងដាច់ខាត។ សម្តេចថា នេះគឺសារមានលក្ខណៈញុះញង់បំបែកបំបាក់ជាតិ ។ សម្តេចថា “ខ្ញុំនិងក្រុមគ្រួសារនៅតែប្រកាន់ជំហរគាំទ្រទាំងស្រុងចំពោះឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តី នាពេលអនាគត”៕