ព័ត៌មានអន្តរជាតិ

CNN៖ សហរដ្ឋអាមេរិក ពិនិត្យមើលយ៉ាងដិតដល់ លើប្រតិបត្តិការ យន្តហោះគ្មានមនុស្សបើក ក្រោយករណីប៉ះទង្គិច ជាមួយយន្តហោះចម្បាំងរុស្ស៊ី

បរទេស៖ អាមេរិកកំពុងថ្លឹងថ្លែងពីអត្ថប្រយោជន៍ និងហានិភ័យនៃការហោះហើរយន្តហោះ គ្មានមនុស្សបើកនៅ លើសមុទ្រខ្មៅ បន្ទាប់ពីបានបាត់បង់យន្តហោះគ្មានមនុស្សបើកនៅទីនោះ ខណៈពេលដែលត្រូវបានដេញដោយយន្តហោះចម្បាំងរបស់រុស្ស៊ី , នេះបើយោងតាមប្រភព CNN បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា កាលពីថ្ងៃអង្គារ ទីក្រុងវ៉ាស៊ីនតោន បាន អះអាងថា យន្តហោះចម្បាំងរុស្ស៊ី Su-27 ពីរគ្រឿងបានសាចសាំងលើយន្តហោះគ្មានមនុស្សបើក MQ-9 Reaper ដែលកំពុងធ្វើការហោះហើរឈ្លបយកការណ៍នៅក្នុងតំបន់ ដោយយន្តហោះមួយគ្រឿងក្រោយមក បានប៉ះជាមួយ យន្តហោះអាមេរិក។

ទោះជាយ៉ាងណាក៏ដោយ ក្រសួងការពារជាតិរបស់ទីក្រុងមូស្គូ បានច្រានចោលការចោទប្រកាន់នេះ ដោយទទូចថា យន្តហោះចម្បាំងរបស់ខ្លួនមិនបានទាក់ទងជាមួយ Reaper ឬបាញ់ដោយអាវុធនោះទេ ដោយនិយាយថា យន្តហោះគ្មានមនុស្សបើកបានធ្លាក់ដោយសារតែ “សមយុទ្ធដ៏មុតស្រួច”។

មន្ត្រីជាច្រើនបានប្រាប់ CNN ថា ពេលនេះសហរដ្ឋអាមេរិកកំពុង “ថ្លឹងថ្លែងតម្លៃ និងអត្ថប្រយោជន៍” នៃប្រតិបត្តិការ យន្តហោះគ្មានមនុស្ស បើកបន្ថែមទៀត។ របាយការណ៍បាននិយាយថា ក្នុងពេលជាមួយគ្នានោះ ទីក្រុងវ៉ាស៊ីនតោន មិនបានផ្អាក ជើងហោះហើរទាំងស្រុងទេ ខណៈពេលដែលការត្រួតពិនិត្យកំពុងដំណើរការ ហើយយន្តហោះ Reaper មួយគ្រឿងទៀតត្រូវបានបញ្ជូនទៅត្រួតពិនិត្យ កងកម្លាំងរុស្ស៊ីដែលកំពុងស្វែងរកកំទេចកំទីយន្តហោះដែលធ្លាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top