ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីរុស្ស៊ី  ធ្វើដំណើរទៅកាន់តំបន់គ្រីមេ ប្រារព្ធខួបលើកទី៩ នៃការបង្រួបបង្រួមឧបទ្វីបនេះ ជាមួយប្រទេសរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅកាន់តំបន់គ្រីមេ ដើម្បីប្រារព្ធខួបលើកទី៩ នៃការបង្រួបបង្រួមឧបទ្វីបនេះ ជាមួយប្រទេសរុស្ស៊ី។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ប្រមុខរដ្ឋរុស្ស៊ីលោក ពូទីន បានទៅទស្សនាសាលាសិល្បៈកុមារកាលពីថ្ងៃសៅរ៍ ហើយក៏បានទៅទស្សនា ‘Korsun’ ដែលជាសាខានៃមជ្ឈមណ្ឌលកុមារអន្តរជាតិដ៏ល្បីល្បាញ Artek ដែលមានតាំងពីសម័យសូវៀត ផងដែរ។ លោក ពូទីនក៏បានមើលពីរបៀបដែលការសាងសង់ឧទ្យានប្រវត្តិសាស្ត្រ និងបុរាណវត្ថុ Tauric Chersonesos កំពុងដំណើរការ។

Chersonesos គឺជាអាណានិគមក្រិកបុរាណមួយដែលត្រូវបានបង្កើតឡើងប្រហែល ២ ៥០០ ឆ្នាំមុន ហើយឥឡូវនេះគឺជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។

លោក Mikhail Razvozhayev អភិបាលក្រុង Sevastopol បាននិយាយថា អាជ្ញាធរទីក្រុងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបើកសាលាសិល្បៈនៅថ្ងៃសៅរ៍ ហើយ “អ្វីគ្រប់យ៉ាងបានត្រៀមរួចរាល់សម្រាប់សន្និសីទតាមវីដេអូ” ជាមួយប្រធានាធិបតី៕

ប្រែសម្រួលៈ ណៃ តុលា 

To Top