ព័ត៌មានជាតិ

សម្តេចតេជោ៖ កម្ពុជា មិនរង់ចាំទាល់តែមាន សន្តិភាពពេញ ទើបធ្វើកំណែទម្រង់ទេ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា កម្ពុជា មិនរង់ចាំទាល់តែមានសន្តិភាពពេញលេញ ទើបធ្វើកំណែទម្រង់នោះទេ ខណៈការរស់រានរបស់កម្ពុជានាពេលនេះ គឺបានមកពីធ្វើកំណែទម្រង់នេះឯង។

ក្នុងពិធីប្រកាសដាក់ឲ្យអនុវត្តចក្ខុវិស័យ និងយុទ្ធសាស្ត្រ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(២០២៣-២០២៧) នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោមានប្រសាសន៍ថា «យើងមិនរង់ចាំទាល់តែមានសន្ដិភាពពេញលេញ ទើបយើងធ្វើការកែទម្រង់នោះទេ។ ខ្ញុំ អាចនិយាយបានការរស់រានរបស់យើងខ្ញុំ មកដល់ពេលនេះ គឺកើតចេញពីការកែទម្រង់នោះឯង។ ខ្ញុំ អាចនិយាយបានថា ក្នុងជីវិតរបស់ខ្ញុំនេះ គឺជាជីវិតប្រឈមគ្រោះថ្នាក់គ្រប់ពេល មិនមែនគ្រាន់តែបញ្ហាយកក្បាលខ្ញុំទៅដោះដូរជាមួយនឹងការរស់រានជីវិត ចេញពីរបបខ្មែរក្រហមនោះឡើយ ហើយក៏មិនមែនការយកក្បាលខ្ញុំ ទៅដោះជាមួយសន្ដិភាពដែលអ៊ុនតាក់ មិនអាចសម្រេចបាននោះដែរ។ ប៉ុន្ដែក្បាលរបស់ខ្ញុំ ក៏បានដោះដូរជាមួយនឹងកំណែទម្រង់ ដែលត្រូវបានធ្វើនៅពេលខ្ញុំ ចាប់ផ្ដើមដំណែងជាផ្លូវការនូវនាយករដ្ឋមន្ដ្រី»។

សម្ដេចតេជោបន្ដថា ពេលនោះ ជីវិតរបស់សម្ដេច ពិតជាគ្រោះថ្នាក់ និងផុយស្រួយណាស់ ក្នុងការធ្វើកំណែទម្រង់នេះ នៅត្រង់ថា នៅពេលគ្រប់គ្រងតំណែងធ្វើជានាយករដ្ឋមន្ដ្រី សម្ដេចបានដាក់ចេញនូវកញ្ចប់ចំនួន២ រួមមាន៖ ទី១-កំណែទម្រង់ខាងនយោបាយ គឺត្រូវដោះស្រាយជម្លោះកម្ពុជា តាមរយៈនៃការចរចា និងទី២-កំណែទម្រង់ខាងសេដ្ឋកិច្ច។

សម្ដេចតេជោ ក៏បានអរគុណចំពោះភាគីបារាំង បានផ្ដល់ទីកន្លែងសម្រាប់សម្ដេចចរចាជាមួយ សម្ដេច នរោត្ដម សីហនុ នាពេលនោះ តាមរយៈនៃជំនួបចំនួន២លើក គឺបានបង្កើតឲ្យមានឱកាសខាងនយោបាយ រហូតដល់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងប្រតិបត្តិការសម្រាប់ដោះស្រាយបញ្ហាកម្ពុជា តាមផ្លូវនយោបាយ។ សម្ដេចបន្ដថា កំណែទម្រង់សេដ្ឋកិច្ច គឺចាប់ផ្ដើមឡើងកំណែទម្រង់ខាងដីធ្លី មិនមែនជាបញ្ហាងាយស្រួលនោះឡើយ។

សម្ដេចនាយករដ្ឋមន្ដ្រី បន្ថែមថា ក្នុងសម័យប៉ុលពត ដីធ្លីទាំងអស់ ត្រូវបានរឹបអូសដាក់ទៅជាសម្បត្តិរដ្ឋ ក្រោយរបបប្រល័យពូជសាសន៍ផ្ដួររំលំ សម្ដេចគ្មានជម្រើសអ្វី ក្រៅពីអនុវត្តកិច្ចការងារទាំងឡាយណា សង្គ្រោះជីវិតមនុស្ស។ សម្ដេចថា «នៅពេលនោះ២០គ្រួសារ មានគោមួយនឹម តើខ្ញុំធ្វើរបៀបម៉េច? ដើម្បីរស់ ហើយអ្នកទាំងអស់គ្នាបានឃើញ ហើយទីក្រុងភ្នំពេញសព្វថ្ងៃនេះ មានការកកស្ទះដោយឡាន ប៉ុន្ដែទីក្រុងភ្នំពេញជាង ៤០ឆ្នាំមុន គឺគ្មានមនុស្សនៅឡើយ ៕

To Top