ព័ត៌មានជាតិ

លោក បណ្ឌិត ហ៊ុន ម៉ាណែត អញ្ជើញ ចែកសញ្ញាបត្រ និស្សិតជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការ សិក្សាផ្នែកវិទ្យាសាស្ត្រ សុខាភិបាល ដោយជោគជ័យ

" "

កំពង់ចាម ៖ លោក បណ្ឌិត ហ៊ុន ម៉ាណែត ប្រធានគណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ នេះ បានអញ្ជើញ ប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភី ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សា ផ្នែកវិទ្យាសាស្ត្រសុខាភិបាល ដោយជោគជ័យ នៃសាកលវិទ្យាល័យ កំពង់ចាម (ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានមានប្រសាសន៍ក្នុងឱកាសនោះថា ខ្ញុំសូមចូលរួមអបអរសាទរជូនចំពោះនិស្សិតជ័យលាភីទាំង ៨៥៦ រូប ដែលបានបញ្ចប់ការសិក្សាផ្នែក វិទ្យាសាស្ត្រសុខាភិបាលដោយជោគជ័យ ហើយសមិទ្ធផលទាំងអស់នេះ បានកើតចេញពីការខិតខំប្រឹងប្រែង របស់និសិ្សតផ្ទាល់, ការគាំទ្រពីសំណាក់ក្រុមគ្រួសារអាណាព្យាបាល ដែលតែងបានលះបង់គ្រប់បែបយ៉ាង និងលើកទឹកចិត្តជាប់ជាប្រចាំ ព្រមទាំងការចំណាយពេលវេលាកម្លាំងកាយចិត្តក្នុងការបង្ហាត់បង្រៀនចែក រំលែកចំណេះដឹង បទពិសោធន៍ និងដំបូន្មានល្អៗពីសំណាក់សាស្រ្តាចារ្យ លោកគ្រូ អ្នកគ្រូ ។

" "

លោកបណ្ឌិតបន្តថា អាជីពជាគ្រូពេទ្យ ជាអាជីពបៀបដូចទៅនឹងទេវតា ដែលជួយមនុស្ស ឱ្យបានជាសះស្បើយ និងរួចផុតពីការស្លាប់បាត់បង់ជីវិត ដូច្នេះគឺទាមទារជាចាំបាច់ណាស់ នូវការយកចិត្តទុកដាក់ខ្ពស់ ក្នុងការបន្តខិតខំស្រាវជ្រាវសិក្សារៀនសូត្រ និងធ្វើទំនើបកម្មជាប់ជាប្រចាំទាំងលើចំណេះដឹង, បច្ចេកទេស និងសម្ភារ បរិក្ខារ សំដៅធ្វើយ៉ាងណាឱ្យដើរទាន់រាល់ការវិវឌ្ឍឥតឈប់ឈរ នៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ដែលជួយដល់ការធានា បាននូវប្រសិទ្ធភាព និងស័ក្តិសិទ្ធិក្នុងការពិនិត្យ និងព្យាបាល។

" "

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា សុខភាព គឺជាទ្រព្យធនដ៏ចម្បង របស់បុគ្គលម្នាក់ៗ និងសង្គមជាតិទាំងមូល ហើយទ្រព្យធននេះនឹងផ្តល់ ផលវិជ្ជមានច្រើនសន្ធឹកសន្ធាប់ ដរាបណាមានការថែទាំ និងលើកកម្ពស់ឱ្យបានរឹងមាំ តាមរយៈកត្តាមួយចំនួន រួមមានជាអាទិ៍៖

ទី១ ៖ បុគ្គលម្នាក់ៗមានការយល់ដឹងច្បាស់លាស់អំពីការថែទាំ និងបំប៉នសុខភាពតាមក្បួនខ្នាត និងក្រឹត្យក្រមសុខាភិបាលត្រឹមត្រូវ ។

ទី២ ៖ ការខិតខំរបស់រាជរដ្ឋាភិបាលក្នុងការពង្រឹង ការអនុវត្តច្បាប់ពាក់ព័ន្ធនឹង ការគ្រប់គ្រងផលិតផលអាហារ និងថ្នាំពេទ្យទាំងលើការផលិត និងការនាំចូល ដើម្បីធានាបាននូវគុណភាព និងសុវត្ថិភាពល្អប្រសើរជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស ។

ទី៣ ៖ ការកែទម្រង់ និងទំនើបកម្មវិស័យសុខាភិបាលជាជំហានៗ តាមរយៈការជំរុញសេវាសុខាភិបាល ឱ្យកាន់តែខិតកៀកជិតបំផុត នឹងមូលដ្ឋានរបស់ប្រជាជន ការពង្រឹងសមត្ថភាពរបស់បុគ្គលិក សុខាភិបាល និងការផ្គត់ផ្គង់សម្ភារបរិក្ខារ ពេទ្យឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស។

លោកបណ្ឌិត បានយកឱកាសនោះ សូមថ្លែងអំណរ គុណដល់គណៈគ្រប់គ្រង, វេជ្ជបណ្ឌិត, សាស្រ្តាចារ្យ, លោកគ្រូ, អ្នកគ្រូ និង បុគ្គលិកទាំងអស់ នៃសាកលវិទ្យាល័យកំពង់ចាម ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអប់រំបណ្តុះបណ្តាល ធនធានមនុស្សលើជំនាញសុខាភិបាល ដែលកំពុងមានតម្រូវការខ្ពស់បម្រើន ឱ្យការថែទាំងសុខភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ នឹងញ៉ាំងឱ្យវិស័យសុខាភិបាល របស់យើង អាចបន្តបោះជំហានរីកចម្រើន ទៅមុខប្រកបដោយគុណភាពបន្ថែមទៀត៕

To Top