ព័ត៌មានជាតិ

គណបក្សហ៊្វុនស៊ិនប៉ិច ប្រារព្ធពិធី អបអរសាទរ ខួប ៤២ឆ្នាំ ការបង្កើតគណបក្ស

ភ្នំពេញ៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្ស ព្រមទាំងសមាជិកសមាជិកា ថ្នាក់ដឹកនាំគណបក្ស បានប្រារព្ធខួបលើកទី៤២ ឆ្នាំនៃការបង្កើតគណបក្ស ហ៊្វុនស៊ិនប៉ិច នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នៅព្រះដំណាក់ត្រុំ ស្ថិតក្នុងភូមិត្រុំ ឃុំបន្ទាយអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ ។

ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានមានព្រះបន្ទូលថា ទីនេះហើយ ជាទីកន្លែងប្តូរឈ្មោះ ពីរណសិរស្សហ៊្វុនស៊ិនប៉ិច មកជាគណបក្សហ៊្វុនស៊ិនប៉ិច ហើយយើងបានរួបរួមគ្នា ស្វែងរកសន្តិភាព ស្ថេរភាព ដើម្បីបញ្ចប់សង្រ្គាម ការឈ្លានពានរបស់ជនបរទេសលើកទឹកដីខ្មែរ ។យើងមានបុព្វបុរស វីវជនអ្នកស្នេហាជាតិជាច្រើននាក់ បានធ្វើការពលី បូជាជីវិត ក្នុងបុព្វហេតុជាតិ និងការពារប្រជារាស្ត្រខ្មែរ ។

ព្រះអង្គម្ចាស់ បានមានបន្ទូលទៀតថា “ ថ្ងៃនេះ យើងទាំងអស់គ្នា បានមកទីនេះ ដើម្បីរំលឹកខួប ៤២ ឆ្នាំ នៃការបង្កើតគណបក្ស ដែលជាគណបក្សរាជានិយម មានអង្គសម្តេចឳ ព្រះបរមរតនកោដ្ឋ ជាព្រះស្ថាបនិក បន្តដឹកនាំដោយ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ អតីតព្រះប្រធានគណបក្ស ។ ហើយយើងក៏បានរួបរួមគ្នា ដើម្បីឧទ្ទិសបួងសួងដល់ ព្រះរាជកុសល ផលបុណ្យ ថ្វាយនិងជូនដល់ ព្រះវិញ្ញាណក្ខន្ធ វិញ្ញាណក្ខន្ធ បុព្វបុរសរបស់យើង ហើយយើងមិនបានបំភ្លេច អ្នកតស៊ូ វីវជនណាម្នាក់ឡើយ “។

ព្រះអង្គបន្ថែមថា ក្នុងឋានៈព្រះអង្គម្ចាស់ ជាអ្នកបន្តវេន គណបក្សហ៊្វុនស៊ិនប៉ិច ព្រះអង្គនឹងបន្តដឹកនាំតាមព្រះមាគ៌ា នយោបាយ បង្រួបបង្រួម ផ្សះផ្សាជាតិ ឯកភាពជាតិ ជាខ្មែរតែមួយ រួមសាមគ្គីគ្នា ដើម្បីប្រទេសជាតិសម្បូរសប្បាយ រុងរឿង ថ្កុំថ្កើន ដូចសម័យសង្គមរាស្ត្រនិយម នៃព្រះករុណាព្រះបាទ ព្រះនរោត្តម សីហនុ សម្តេចឪ សម្តេចតា ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈ៕

To Top