ហាណូយ ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ នៅថ្ងៃអង្គារនេះថា ប្រទេសវៀតណាម បានចល័តកងកម្លាំងយោធា ដើម្បីទប់ទល់នឹងការខ្វះខាតបុគ្គលិក នៅក្នុងមជ្ឈមណ្ឌល ចុះបញ្ជីយានយន្ត ខណៈដែលមនុស្សជាច្រើន បានបិទសម្រាប់ការស៊ើបអង្កេត ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ។
កាសែតក្នុងស្រុក Vietnam News បានរាយការណ៍ថា ចាប់តាំងពីចុងឆ្នាំ២០២២មក ប៉ូលិសបានស៊ើបអង្កេតមជ្ឈមណ្ឌលធ្វើតេស្ត និងត្រួតពិនិត្យ យានយន្តជាច្រើនកន្លែង ។
មេដឹកនាំ និងនិយោជិតប្រមាណ៥០០នាក់ នៃមជ្ឈមណ្ឌលជាង៧០កន្លែង ត្រូវបានចោទប្រកាន់ពីបទផ្តល់ និងទទួលសំណូក និងក្លែងបន្លំឯកសារ ។
កាសែតខាងលើបានផ្សព្វផ្សាយថា ដើម្បីទប់ទល់នឹងការខ្វះខាតបុគ្គលិក នាយកដ្ឋានទោចក្រយានយន្ត បានស្នើទៅអគ្គនាយកដ្ឋានវិស្វកម្ម ក្រោមអគ្គសេនាធិការ នៃកងទ័ពប្រជាជន វៀតណាមសម្រាប់ជាជំនួយ ។
អធិការយោធាត្រូវបានបណ្តុះ បណ្តាលក្នុងការត្រួតពិនិត្យយានយន្ត រួមទាំងបទប្បញ្ញត្តិ និងកម្មវិធីគ្រប់គ្រងការត្រួតពិនិត្យនៅមជ្ឈមណ្ឌលចុះឈ្មោះ ។
លោក Nguyen Chien Thang នាយកផ្នែក ចុះឈ្មោះវៀតណាម បានលើកឡើងថា ជំនួយយោធានឹងជួយ បន្ធូរបន្ថយសម្ពាធលើ មជ្ឈមណ្ឌលចុះឈ្មោះទាំងនេះ ។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែមីនា មជ្ឈមណ្ឌលចំនួន៥៨កន្លែង ក្នុងចំណោម២៨១កន្លែង ត្រូវបានផ្អាកពីប្រតិបត្តិការ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា