ភ្នំពេញ ៖ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង មហាផ្ទៃ និងនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ដ្រី ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញបូកសរុប លទ្ធផលការងារអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការ យុទ្ធនាការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់ លើកទី៨ ដែលពិធីនេះប្រារព្ធធ្វើឡើង នៅសណ្ឋាគារសុខាភ្នំពេញ។
យោងតាមរបាយការណ៍បូក សរុបលទ្ធផលការងារអនុវត្តផែនការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ រយៈពេល ១ឆ្នាំ គិតពីថ្ងៃទី១ មករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ បានឲ្យដឹងថា ក្នុងឆ្នាំ២០២២ កងកម្លាំងអនុវត្តច្បាប់បានធ្វើការបង្ក្រាប បទល្មើសគ្រឿងញៀន ចំនួន ៦.៣៩០/៦.៣០៨ករណី ឃាត់ខ្លួន ១៥.០០២/១៣.៩៧៩នាក់ ក្នុងនោះ ចាប់យកសារធាតុញៀន គ្រប់ប្រភេទទម្ងន់ ១៤.៩១៩,៤៧/៤.៦៨៩,៦១គីឡូក្រាម កើន ១០.៥៤៨,៤៦គីឡូក្រាម ស្មើនឹង ២២៥% ។
របាយការណ៍ដដែលបន្ដថា នៅកម្ពុជា ពួកឧក្រិដ្ឋជនគ្រឿងញៀនបានឆក់ឱកាសផ្លាស់ប្ដូររូបភាព វិធីសាស្ត្រ និងឧបាយកល ថ្មីៗ ក្នុងការដឹកជញ្ជូនគ្រឿងញៀន ដែលភាគច្រើនមានប្រភពមកពីតំបន់ត្រីកោណមាស ឆ្លងកាត់ ប្រទេសកម្ពុជាតាមផ្លូវគោក ផ្លូវទឹក (ព្រំដែនឡាវ-កម្ពុជា) តាមបញ្ញើប្រៃសណីយ៍ និងតាមដែនសមុទ្រ នៃ ប្រទេសកម្ពុជា ដើម្បីនាំចេញបន្តទៅប្រទេសទី៣ផង និងមួយផ្នែកទៀតលួចលាក់ចរាចរ ជួញដូរនៅ ក្នុងស្រុកផង។ ថ្មីៗនេះ ក៏ពិនិត្យឃើញថា ពួកឧក្រិដ្ឋជនគ្រឿងញៀន មួយចំនួន បានលួចកែច្នៃផលិត សារធាតុញៀននៅ តាមភូមិសាស្ត្រអំណោយផល នៃបណ្តាខេត្តមួយចំនួន ដោយបន្លំជ្រកក្រោមស្លាក រោងចក្រ ឬសិប្បកម្ម សហគ្រាស និងខ្លះទៀតលួចកែច្នៃនៅតាមខុនដូរ ក្នុងបុរី ឬដីចំការ។
របាយការណ៍បន្ថែមថា ថ្វីបើស្ថិតក្នុង បរិបទកូវីដ-១៩ នៅមិនទាន់សាបរលាបទៅវិញក៏ដោយ ប៉ុន្តែអាស្រ័យដោយការ ដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវវិធានការប្រកបដោយប្រសិទ្ធភាព ទប់ស្កាត់ និងគ្រប់គ្រងបានទាន់វេលា ជាពិសេសវិធានការចាក់ស្រោចវ៉ាក់សាំងកូវីដ-១៩ ទាំងដូស មូលដ្ឋាន និងដូសជំរុញជាបន្តបន្ទាប់ជូនដល់ប្រជាពលរដ្ឋប្រមាណជាង ៩០% បានធ្វើឲ្យស្ថានភាពការឆ្លងរាតត្បាតជំងឺកូវីដ-១៩ មានភាពធូរស្រាល និងបានផ្ដល់លទ្ធភាពឲ្យកម្ពុជាបើកដំណើរការ សកម្មភាព ជីវភាពសង្គមជាប្រក្រតីឡើងវិញ និងបានបង្កលក្ខណៈសម្បត្តិគ្រប់គ្រាន់ដល់គ្រប់យន្តការ នៃយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ប្រមូលផ្តុំធ្វើសកម្មភាពស្របតាមទិសដៅ និងតាមគោលការណ៍ដែលបានកំណត់ ក្នុងដែនសមត្ថកិច្ច៕