បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT កាលពីថ្ងៃម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងសន្តិសុខ របស់ប្រទេសបេឡារូស បានប្រទះឃើញអាវុធមួយចំនួន ដែលជឿជាក់ថាជាផ្នែកមួយ នៃក្រុមភេវរកម្មបរទេស ដែលបេឡារូសទើបតែបានបាញ់ សម្លាប់កាលពី២ថ្ងៃមុន នៅក្បែរព្រំដែន ជាមួយនឹងប៉ូឡូញ។
ប្រធានាធិបតី បេឡារូសលោក Alexander Lukashenko កាលពីថ្ងៃអង្គារម្សិលមិញនេះផងដែរ បានធ្វើការលើកឡើងអំពីបញ្ហានេះថា ៖ កងកម្លាំងពិសេសរបស់យើង បានធ្វើការងារបានយ៉ាងអស្ចារ្យ ។ គ្រាប់ក្បាលកាំភ្លើងធំនិងគ្រឿងផ្ទុះផ្សេងទៀត ត្រូវបានរឹបអូសហើយជឿជាក់ថា អាវុធទាំងនេះ គឺជាផ្នែកមួយនៃផែនការ វាយប្រហារភេវរកម្ម ប្រឆាំងបេឡារូស។
លោក Lukashenko ក៏បានលើកសរសើរអំពីស្នាដៃ របស់កងកម្លាំងពិសេសបេឡារូស ដែលបានជោគជ័យក្នុងការបង្ក្រាប និងសម្លាប់បានក្រុមភេវរកម្ម កាលពីថ្ងៃអាទិត្យក្នុងតំបន់ Grodno និងដោយមិនប៉ះពាល់ដល់អាយុជីវិតពលរដ្ឋ ស៊ីវិលឬអង្គភាពណាម្នាក់ឡើយនោះផងដែរ។
គួរឲ្យដឹងដែរថា ភាពតានតឹង រវាងបេឡារូសនៅតាមតំបន់ព្រំដែន ជាមួយនឹងប៉ូឡូញនិងអ៊ុយក្រែន ចាប់ផ្តើមតានតឹងចាប់តាំង តែពីពេលដែលរុស្សីបានបើកប្រតិបត្តិការ ពិសេសនៅអ៊ុយក្រែន ខណៈដែលបេឡារូសគឺជាសម្ព័ន្ធមិត្តចាក់ទឹក មិនលេចរបស់ទីក្រុងមូស្គូនោះ៕
ប្រែសម្រួល៖ស៊ុនលី