វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានប្រឆាំងជាថ្មី ចំពោះគោលនយោបាយ តាំងទីលំនៅរបស់អ៊ីស្រាអែល ដោយថាទីក្រុងវ៉ាស៊ីនតោនមាន “បញ្ហាយ៉ាងខ្លាំង” ដោយច្បាប់របស់អ៊ីស្រាអែល ដែលត្រួសត្រាយផ្លូវ សម្រាប់ការស្តារការតាំងទីលំនៅខុសច្បាប់ នៅភាគខាងជើងនៃតំបន់ West Bank ដែលខ្លួនកាន់កាប់។
អ្នកនាំពាក្យក្រសួងការបរទេសលោក Vedant Patel បានប្រាប់អ្នកយកព័ត៌មានថា ច្បាប់ដែលត្រូវបានអនុម័តដោយ Knesset ប៉ុន្មានម៉ោងមុននេះ បានរំលោភលើការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែល ចំពោះទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការជំរុញការតាំងទីលំនៅក្នុងតំបន់។
លោក Patel បានលើកឡើងថា “ការផ្លាស់ប្តូរនីតិប្បញ្ញត្តិ ដែលបានប្រកាសនៅថ្ងៃនេះ ជាពិសេសគឺជាការបង្កហេតុ និងផ្ទុយទៅនឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីស្ដារឡើងវិញនូវវិធានការ ស្ងប់ស្ងាត់មួយចំនួន នៅពេលដែលយើងឆ្ពោះទៅកាន់បុណ្យរ៉ាម៉ាដាន បុណ្យរំលង និងបុណ្យអ៊ីស្ទើរ” ។
លោកបានបន្ថែមថា សហរដ្ឋអាមេរិក ជំរុញយ៉ាងខ្លាំង អ៊ីស្រាអែលឱ្យបដិសេធមិនឱ្យត្រឡប់មកវិញ នូវអ្នកតាំងលំនៅក្នុងតំបន់នោះ ដែលផ្នែកខ្លះជាកម្មសិទ្ធិឯកជនរបស់ប៉ាឡេស្ទីន។
ច្បាប់ដែលត្រូវបានអនុម័តនៅក្នុងការបោះឆ្នោត ៣១-១៨ នៅព្រឹកព្រលឹមនៃថ្ងៃអង្គារម្សិលមិញនេះ បញ្ច្រាសវិធានការរបស់អ៊ីស្រាអែលឆ្នាំ២០០៥ ដែលបានបញ្ជាឱ្យមានការជម្លៀសចេញ ពីកន្លែងតាំងទីលំនៅចំនួន៤ នៅភាគខាងជើង West Bank ៕
ប្រែសម្រួល ឈូក បូរ៉ា