គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី បានឲ្យដឹងថា ប្រទេសរបស់លោកនឹង “ឆ្លើយតបរាល់ការវាយប្រហារ” បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៨នាក់នៅក្នុងតំបន់គៀវ និងមនុស្សម្នាក់នៅក្នុងទីក្រុង Zaporizhzhia ។
លោក ហ្សេឡិនស្គី បានឲ្យដឹងកាលពីថ្ងៃពុធថា “យើងពិតជានឹងឆ្លើយតបរាល់ការវាយប្រហារ របស់អ្នកកាន់កាប់លើទីក្រុងរបស់យើង រាល់ការវាយប្រហាររបស់រុស្ស៊ី នឹងទទួលបានការឆ្លើយតបផ្នែកយោធា នយោបាយ និងផ្លូវច្បាប់”។
សេវាសង្គ្រោះបន្ទាន់បានឲ្យដឹងនៅលើបណ្ដាញ Facebook ថា មនុស្ស ៧នាក់បានរងរបួសផងដែរ នៅពេលដែលអន្តេវាសិកដ្ឋានចំនួនពីរ និងមហាវិទ្យាល័យមួយត្រូវបានវាយប្រហារ នៅក្នុងការវាយប្រហារដោយយន្តហោះដ្រូន ចម្ងាយ ៦៤ គីឡូម៉ែត្រ ភាគខាងត្បូងនៃរដ្ឋធានីគៀវ ។
មនុស្សម្នាក់ត្រូវបានគេជួយសង្គ្រោះពីកន្លែងនោះ ហើយមនុស្សបួននាក់ត្រូវបានគេជឿថា ជាប់នៅក្រោមគំនរបាក់បែក។ ប្រតិបត្តិការជួយសង្គ្រោះកំពុងបន្តនៅយប់ថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន Aljazera។
មេប៉ូលីសប្រចាំតំបន់ លោក Andrii Nebytov បានឲ្យដឹងថា អ្នកបើកបររថយន្តសង្គ្រោះ ដែលបានទៅកន្លែងកើតហេតុ ស្ថិតក្នុងចំណោមអ្នកស្លាប់។ លោក Nebytov បានបន្ដថា “មនុស្សភាគច្រើននៅអន្តេវាសិកដ្ឋាន ត្រូវបានជួយសង្គ្រោះ ដោយសារពួកគេស្ថិតនៅក្នុង ទីតាំងទម្លាក់គ្រាប់បែក ៕
ប្រែសម្រួល ឈូក បូរ៉ា