ប៉េកាំង៖ ក្រុមអ្នកជំនាញបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ទាក់ទងនឹងកោះតៃវ៉ាន់ ដែលអនុម័តដោយ សភាតំណាងរាស្រ្តអាមេរិក កាលពីថ្ងៃពុធនឹងបន្ថែមភាពមិន ប្រាកដប្រជានៅទូទាំងច្រកសមុទ្រ ជាជាងអ្វីដែលសហរដ្ឋអាមេរិក អះអាងថាជា “កិច្ចខិតខំប្រឹងប្រែងរួមចំណែកដល់សន្តិភាព” ខណៈដែលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បង្កើនការបំផ្លើសសង្គ្រាម ដោយអះអាងថា ចិន នឹងអាច “ឈ្លានពាន” កោះតៃវ៉ាន់នៅឆ្នាំ២០២៧។
បំណែកនៃច្បាប់ដែលជា ច្បាប់អនុវត្តការធានាតៃវ៉ាន់ ត្រូវបានណែនាំនៅថ្ងៃទី២៤ ខែកុម្ភៈដោយអ្នកតំណាង Ann Wagner ហើយត្រូវបានអនុម័ត កាលពីថ្ងៃពុធ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
សេចក្តីព្រាងច្បាប់នេះ តម្រូវឱ្យក្រសួងការបរទេសអាមេរិក ធ្វើការពិនិត្យជាប្រចាំនូវ គោលការណ៍ណែនាំរបស់ខ្លួន សម្រាប់ការចូលរួមរបស់សហរដ្ឋអាមេរិក ជាមួយកោះតៃវ៉ាន់ ហើយបញ្ជូនរបាយការណ៍ទៅ សភាយ៉ាងហោចណាស់ម្តងរៀងរាល់ពីរឆ្នាំម្តង ដើម្បីវាយតម្លៃថាតើគោលការណ៍ណែនាំនេះ មានប្រយោជន៍ក្នុងការសម្រេចបាននូវ គោលដៅនៃការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅ ជាមួយកោះតៃវ៉ាន់ដែរឬទេ។
ដោយបដិសេធគោលការណ៍ ដែលមានតាំងពីច្រើនទសវត្សរ៍មកហើយ ដែលថា គ្មានអន្តរកម្មជាផ្លូវការរវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ សេចក្តីព្រាងច្បាប់នេះក៏ស្នើឱ្យកំណត់នូវឱកាស ដើម្បីដក “ការកំណត់ដោយខ្លួនឯង” ដែលនៅសេសសល់លើការចូលរួម របស់សហរដ្ឋអាមេរិកជាមួយកោះនេះ និងបញ្ជាក់អំពីផែនការ ដើម្បីបែបនេះ។
លោក Yang Xiyu អ្នកស្រាវជ្រាវជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាអន្តរជាតិចិនបានប្រាប់ Global Times កាលពីថ្ងៃព្រហស្បតិ៍ថា “ច្បាប់នេះបង្ហាញថា សភាអាមេរិក មានបំណងផ្លាស់ប្តូរស្ថានភាពជាឯកតោភាគីនៅទូទាំងច្រកសមុទ្រ” ។
លោក Yang បានលើកឡើងថា “អស់រយៈពេល ៤០ ឆ្នាំកន្លងមកនេះ សហរដ្ឋអាមេរិក រក្សាបានត្រឹមតែអន្តរកម្មក្រៅផ្លូវការជាមួយកោះនេះ ប៉ុន្តែឥឡូវនេះពួកគេកំពុងស្វែងរក ការផ្លាស់ប្តូរទៅជាផ្លូវការមួយ” លោកថា “ការផ្លាស់ប្តូរនេះនឹងនាំឱ្យមានអស្ថិរភាពបន្ថែមទៀត ជាជាងអ្វីដែលពួកគេបានអះអាងថា ជាកិច្ចខិតខំប្រឹងប្រែង រួមចំណែកដល់សន្តិភាព”។
នៅក្នុងការចេញផ្សាយដែលចេញផ្សាយ កាលពីថ្ងៃពុធដោយការិយាល័យរបស់លោក Wagner សមាជិកសភាមកពីគណបក្សសាធារណរដ្ឋ បានរិះគន់រដ្ឋបាលលោក បៃដិន ចំពោះការដាក់កម្រិតឡើងវិញជាច្រើន ដែលត្រូវបានប្រកាសថា ទុកជាមោឃៈដោយអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo ហើយបានលើកឡើងថា លោក បៃដិន បានធ្វើឱ្យខូចដល់ សមត្ថភាពរបស់អាមេរិក ក្នុងការសម្របសម្រួលកាន់តែ ជិតស្និទ្ធជាមួយកោះនេះ។
អ្នកជំនាញបានព្រមានថា ជាមួយនឹងការអនុម័តច្បាប់ទាក់ទងនឹង តៃវ៉ាន់ជាបន្តបន្ទាប់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សភាកំពុងព្យាយាមគ្រប់គ្រង គោលនយោបាយរបស់លោក បៃដិន ដែលជានិន្នាការដ៏គ្រោះថ្នាក់បំផុត។ អ្វីដែលលើសពីនេះទៅទៀត លោក បៃដិន ហាក់ដូចជាស្ទាក់ស្ទើរក្នុងការផ្លាស់ប្តូរការពិត ប៉ុន្តែជំនួសមកវិញ ដែលធ្វើឱ្យគោលនយោបាយចិន របស់អាមេរិកកាន់តែមានជម្លោះ ៕
ប្រែសម្រួល ឈូក បូរ៉ា