បរទេស៖ រដ្ឋមន្ត្រីក្រសួងការពារជាតិលោក Lloyd Austin បានប្រាប់សមាជិកសភា កាលពីថ្ងៃព្រហស្បតិ៍ថា ដំណើរទស្សនកិច្ចផ្លូវរដ្ឋនាពេលថ្មីៗនេះ របស់ប្រធានាធិបតីចិន Xi Jinping ទៅកាន់ប្រទេសរុស្ស៊ី គួរតែត្រូវបានចាត់ទុកថា ជាបញ្ហានៃការព្រួយបារម្ភយ៉ាងខ្លាំង សម្រាប់ទីក្រុងវ៉ាស៊ីនតោន។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា ថ្លែងនៅក្នុងអនុគណៈកម្មាធិការសភា ទទួលបន្ទុកការពារជាតិ លោក Austin ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយ អំពីដំណើររបស់លោក Xi ទៅកាន់ទីក្រុងមូស្គូ និងផលប៉ះពាល់របស់វា សម្រាប់ការប្រកួតប្រជែងចិន-អាមេរិក។
ប្រមុខមន្ទីរប៉ង់តាហ្គោនលោក Lloyd Austin បានឆ្លើយតបថា “ដំណើរទស្សនកិច្ចរបស់លោក Xi ហើយស្នាក់នៅទីនោះពីរបីថ្ងៃ ខ្ញុំគិតថា ជាការផ្ញើសារដ៏គួរឱ្យព្រួយបារម្ភ ជាសារនៃការគាំទ្រ” ។
លោកបាននិយាយថា ខណៈពេលដែលមន្ទីរបញ្ចកោណ មិនបានឃើញសញ្ញាដែលថា ចិនបានផ្តល់ឧបករណ៍យោធាដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែនក៏ដោយ ក៏លោកកំពុងឃ្លាំមើលស្ថានការណ៍ “យ៉ាងជិតស្និទ្ធ” ដោយព្រមានថា “ប្រសិនបើពួកគេដើរតាមផ្លូវនោះ ខ្ញុំគិតថាវានឹង មានការរំខានយ៉ាងខ្លាំង សម្រាប់សហគមន៍អន្តរជាតិ។
លោកបានបន្តព្រមានថា ប្រសិនបើលោក Xi សម្រេចចិត្តបំពាក់អាវុធ ដល់ក្រុងមូស្គូ «វានឹងអូសបន្លាយជម្លោះ ហើយប្រាកដជាពង្រីកជម្លោះ ដែលមានសក្ដានុពល មិនត្រឹមតែក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែនៅទូទាំងពិភពលោក» តែម្តង៕ ប្រែសម្រួលៈ ណៃ តុលា