សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង កំពុងពិនិត្យយ៉ាងល្អិតល្អន់ នូវព័ត៌មានលម្អិតជាមួយ ប្រទេសចិន ស្តីពីផែនការរបស់ខ្លួន ក្នុងការបញ្ជូនជើងហោះហើរ ជម្លៀសជាលើកទី៣ ទៅកាន់ទីក្រុង Wuhan របស់ប្រទេសចិន ដែលរងការវាយន្រហារ ដោយវីរុសកូរ៉ូណាថ្មីក្នុងសប្តាហ៍នេះ ដើម្បីនាំយកប្រជាជនប្រមាណ ១៥០នាក់ និងសមាជិកគ្រួសារជនជាតិចិន របស់ពួកគេមកវិញ។
ទីក្រុងសេអ៊ូល ព្យាយាមបញ្ជូនការហោះហើរ ដែលមានលក្ខណៈពិសេស ទៅកាន់ចំណុចកណ្តាលនៃវីរុសនេះនៅថ្ងៃអង្គារនេះ បន្ទាប់ពីជើងហោះហើរពីរ របស់ខ្លួនថ្មីៗនេះ បាននាំយកជនជាតិសរុបចំនួន ៧០១នាក់ ចេញពីទីក្រុងចំពេលមានការ ភ័យខ្លាចកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុស ដែលបានឆ្លងដល់មនុស្ស ២៧នាក់ នៅប្រទេសកូរ៉េខាងត្បូង។
យោងតាមផែនការបច្ចុប្បន្ន របស់ទីក្រុងសេអ៊ូល ការហោះហើរនេះនឹងចាកចេញ ពីអាកាសយានដ្ឋានអន្តរជាតិអ៊ីនឆុន ភាគខាងលិចទីក្រុងសេអ៊ូល នៅថ្ងៃអង្គារនេះហើយ ត្រលប់មកអាកាសយានដ្ឋានអន្តរជាតិជីមប៉ូ នៅភាគខាងលិចទីក្រុងសេអ៊ូល នៅព្រឹកថ្ងៃពុធនេះ ៕
ដោយ ឈូក បូរ៉ា