ព័ត៌មានអន្តរជាតិ

រុស្ស៊ី កំពុងបង្កើនការផលិតរថក្រោះ ក្នុងពេលជម្លោះជាមួយអ៊ុយក្រែន បន្តអូសបន្លាយ

បរទេស៖ លោក Dmitry Medvedev អនុប្រធានក្រុមប្រឹក្សាសន្តិសុខជាតិ របស់ប្រទេសរុស្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ប្រទេសរុស្ស៊ីកំពុងបង្កើនសមត្ថភាព ផលិតយោធារបស់ខ្លួន យ៉ាងឆាប់រហ័ស ដើម្បីបំពេញតាមការតម្រូវការ នៃយុទ្ធនាការអ៊ុយក្រែន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Dmitry Medvedev ដែលធ្លាប់ធ្វើជាប្រធានាធិបតី និងជានាយករដ្ឋមន្ត្រីរុស្ស៊ី បាននិយាយតាម videolink កាលពីថ្ងៃពុធថា “សត្រូវរបស់យើងបានគិតថា ឧស្សាហកម្មរបស់យើងនឹងត្រូវបានសន្ធាប់ពីលើ” ។ “មានការអះអាងមិនចេះចប់ថា គ្រាប់កំាំភ្លើងជិតអស់ហើយ រថក្រោះកំពុងអស់ មីស៊ីលកំពុងអស់។ លោកបន្តថា យើងនឹងផលិតរថក្រោះ ១៥០០គ្រឿងមួយឆ្នាំសម្រាប់ឆ្នាំនេះ។

លោក Medvedev បាននិយាយថា លោកបានឃើញរោងចក្រយោធាដែលធ្វើការគ្រប់ពេលវេលាក្នុងពេលដែលលោកធ្វើអធិការកិច្ច។ លោកបានបន្ថែមថា សមត្ថភាពផលិតថ្មីកំពុងត្រូវបានសាងសង់ ហើយប្រាកដណាស់ យើងមិនគិតថា វាចាំបាច់ពីមុនមកទេ ប៉ុន្តែវាបានក្លាយជាភាពចាំបាច់នៅពេលនេះ»។

លោក Medvedev បានបន្ថែមថា ឧស្សាហកម្មការពារជាតិរុស្ស៊ីកំពុងរក្សាផលិតកម្ម ទោះបីជាមានការប៉ុនប៉ងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនក្នុងការធ្វើឱ្យខូចខាតដោយទណ្ឌកម្មសេដ្ឋកិច្ចក៏ដោយ។ លោកថា អ្វីដែលអ្នករចនា និងអ្នកសាងសង់របស់ខ្លួនផលិតគឺជា “គំរូដ៏សក្តិសមបំផុត” នៃផ្នែករឹងយោធា៕

ប្រែសម្រួលៈ ណៃ តុលា

To Top