ព័ត៌មានអន្តរជាតិ

អាមេរិក បើកការវាយប្រហារតាមអាកាស ក្នុងប្រទេសស៊ីរី

បរទេស៖ មន្ទីរប៉ង់តាហ្គោន កាលពីថ្ងៃម្សិលមិញនេះបានប្រកាសថា កងកម្លាំងទ័ពរបស់អាមេរិក បានបើកការវាយប្រហារតាមអាកាសជាច្រើនលើក នៅក្នុងប្រទេសស៊ីរីជាការឆ្លើយតប ទៅនឹងការវាយប្រហារដោយដ្រូន ទៅលើមូលដ្ឋានទ័ពរបស់អាមេរិក នៅក្នុងភាគខាងកើតនៃ ប្រទេសកាលពីពេលថ្មីៗកន្លងមកនេះ។

នៅក្នុងការវាយប្រហារ ដែលបានធ្វើឲ្យជនជាតិអាមេរិកម្នាក់ បានស្លាប់និង៥នាក់ទៀតរងរបួស បានកើតឡើងនៅក្បែរទៅនឹងទីក្រុង Hasakah កាលពីថ្ងៃព្រហស្បតិ៍ដែលអាមេរិក បានអះអាងថា វាគឺជាការវាយប្រហារដោយដ្រូន របស់ប្រទេសអ៊ីរ៉ង់ ។

នៅក្នុងសេចក្តីថ្លែងការណ៍ ដដែលនិងត្រូវបានយកមកចេញផ្សាយដោយ RT បានឲ្យដឹងដែរថា អាមេរិកត្រូវបានចេញបញ្ជា ដោយផ្ទាល់ពីសំណាក់ ប្រធានាធិបតីអាមេរិកលោក Joe Biden ដើម្បីរៀបចំការវាយប្រហារនេះ សំដៅក្រុមដែលមានការគាំទ្រ IRGC។

ទោះបីជាយ៉ាងណាក្តីរដ្ឋមន្ត្រីការពារជាតិ អាមេរិកមិនបានបង្ហាញពី ទីតាំងនៃការវាយប្រហារនោះទេ ប៉ុន្តែវីដេអូនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម ត្រូវបានបង្ហាញថាហេតុការណ៍ផ្ទុះជាច្រើន លើកបានកើតឡើងនៅក្នុងខេត្ត Deir ez-Zor ភាគខាងកើតរបស់ប្រទេសស៊ីរី ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ីរ៉ាក់ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top