បរទេស ៖ សារព័ត៌មាន Sputnik បានរាយការណ៍ថា សហរដ្ឋអាមេរិកកំពុងស៊ើបអង្កេត ពីមូលហេតុដែលប្រព័ន្ធការពារ ដែនអាកាសរបស់ខ្លួន មិនដំណើរការពេញលេញ អំឡុងពេលមានការវាយប្រហារ លើមូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសស៊ីរី ។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយនៅមុននេះបន្តិចថា យោធាអាមេរិក បានធ្វើការវាយប្រហារ តាមអាកាសទៅលើទីតាំង ដែលជាកម្មសិទ្ធិរបស់ក្រុម ដែលមានទំនាក់ទំនងជាមួយកងឆ្មាំ បដិវត្តន៍ឥស្លាមអ៊ីរ៉ង់ (IRGC) បន្ទាប់ពីយន្តហោះគ្មានមនុស្ស បើករបស់អ៊ីរ៉ង់បានវាយប្រហារ មូលដ្ឋានសម្ព័ន្ធមិត្តនៅភាគឦសាន ប្រទេសស៊ីរី ដោយបានសម្លាប់បុគ្គលិកក្រុមហ៊ុនអាមេរិកម្នាក់។
របាយការណ៍បាននិយាយថា យោធាអាមេរិកមិនទាន់ដឹងទេថា ហេតុអ្វីបានជាប្រព័ន្ធការពារដែន អាកាសនេះមិនដំណើរការ ហើយកាលៈទេសៈ កំពុងស្ថិតក្រោមការស៊ើបអង្កេត នេះបើយោងតាមការលើក ឡើងរបស់មន្ត្រីពីររូប ។
មន្ត្រីម្នាក់បានពន្យល់ថា ប្រព័ន្ធការពារ មីស៊ីល Avenger នៅលើមូលដ្ឋានដែលមានឈ្មោះថា RLZ ប្រហែលជាកំពុងជួបប្រទះបញ្ហា ថែទាំដែលមិននឹកស្មានដល់ បើទោះបីជាកងទ័ព មានការប្រុងប្រយ័ត្នខ្ពស់ ដោយសារក្រុមដែលគាំទ្រ ដោយអ៊ីរ៉ង់បានធ្វើការវាយប្រហារចំនួន ៧៨ លើកកន្លងមកក្នុងរយៈពេលពីរ ឆ្នាំមកនេះក៏ដោយ ។
សមាជិកសេវាពីរនាក់ ដែលរងរបួសក្នុងអំឡុង ពេលការវាយប្រហារត្រូវបានព្យាបាលនៅនឹងកន្លែង ខណៈបីនាក់ផ្សេងទៀត ត្រូវបានជម្លៀសទៅកាន់កន្លែងព្យាបាល ក្នុងប្រទេសអ៊ីរ៉ាក់ រួមជាមួយនឹងបុគ្គលិក ក្រុមហ៊ុនដែលរងរបួស នេះបើតាមការចេញផ្សាយ កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមន្ទីរបញ្ចកោណបានរៀបរាប់លម្អិត៕