ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ផ្ដល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិ ជំនឿសាសនា ដោយគ្មាន ការរើសអើង

ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់សិទ្ធិសេរីភាពយ៉ាងពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា ដោយគ្មានការរើសអើងឡើយ។

នាឱកាសអញ្ជើញចូលរួម ពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងឲ្យដឹងថា កម្ពុជាបើកទូលាយ ដល់សាសនិកឥស្លាមនៅកម្ពុជា តាមរយៈការអនុញ្ញាតឲ្យស្លៀកពាក់ទៅតាមប្រពៃណីឥស្លាម នៅតាមទីសាធារណៈ និងរៀបចំឲ្យមានកន្លែងថ្វាយបង្គំដល់សាសនិកឥស្លាម នៅតាមទីសាធារណៈផងដែរ។

សម្ដេចតេជោ បានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់សិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា ដោយគ្មានការរើសអើង។ ជាក់ស្ដែងរាជរដ្ឋាភិបាល បានបើកទូលាយដល់បងប្អូនខ្មែរឥស្លាម តាមរយៈទីមួយ ការអនុញ្ញាតឲ្យសិស្ស-និស្សត ឥស្លាម ស្លៀកបំពាក់ប្រពៃណី នៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត ទីពីរ រៀបចំកន្លែងថ្វាយបង្គំ នៅតាមទីសាធារណៈ»។

សម្ដេចតេជោ បន្ដថាសម្ដេច បានបង្កើតឲ្យមានគណៈជាន់ខ្ពស់ នៃសាសនិកឥស្លាមកម្ពុជា ដែលជាស្ថាប័នកំពូលរបស់ឥស្លាម។

លើសពីនេះ ក្នុងនាមនាយករដ្ឋមន្ដ្រី និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេច ក៏បានផ្ដល់តួនាទីជាន់ខ្ពស់ដល់ថ្នាក់ដឹកនាំសហគមខ្មែរឥស្លាមជាច្រើនរូប នៅតាមក្រសួង-ស្ថាប័ន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

សម្ដេច នាយករដ្ឋមន្ដ្រី បន្ថែមថា ម្យ៉ាងទៀត រាជរដ្ឋាភិបាល ក៏បានផ្ដល់ក្របខ័ណ្ឌគ្រូបង្រៀនដល់សហគមខ្មែរឥស្លាម ដើម្បីកាន់បន្ថយបន្ទុកចំណាយ និងលើកកម្ពស់ជីវភាពរបស់សហគម និងគ្រួសារខ្មែរឥស្លាម តាមរយៈការលើកកម្ពស់ការអប់រំ បណ្ដុះបណ្ដាលធនធានមនុស្សក្នុងវិស័យសាសនា បច្ចេកវិទ្យា និងនវានុវត្តន៍៕

To Top