បរទេស៖ យោងតាមការឆ្លើយឆ្លងគ្នា រវាងក្រុមមន្ត្រីជាន់ខ្ពស់របស់ រដ្ឋាភិបាលប្រទេសអ៊ុយក្រែនជាមួយនឹង ក្រុមអ្នកយកព័ត៌មានរបស់ ABC News កាលពីថ្ងៃម្សិលមិញនេះបានឲ្យដឹងថា យន្តហោះចម្បាំងជំនាន់ថ្មីបំផុត របស់ប្រទេសរុស្សី Su-35 ដែលត្រូវយកមកប្រើប្រាស់នោះ គឺនឹងធ្វើឲ្យប្រព័ន្ធការពារអាកាសរបស់អ៊ុយក្រែន គ្មានសមត្ថភាពដើម្បីទប់ទល់វាបាននោះទេ ។
ប្រភពដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានបញ្ជាក់ប្រាប់ទៀតថា Su-35 ម៉ូដេលចុងក្រោយនេះ អាចបំពាក់មកជាមួយនឹងប្រព័ន្ធរ៉ាដា ដ៏មានប្រសិទ្ធភាពព្រមទាំងការបាញ់គ្រាប់រ៉ូក្កែត ពីចំងាយដើម្បីជួយគាំទ្របានយ៉ាងខ្លាំង ទៅឲ្យកងកម្លាំងទ័ពថ្មើជើងរុស្សី ដែលអ៊ុយក្រែនបច្ចុប្បន្នគ្មាន សមត្ថភាពនឹងការពារនោះទេ។
រដ្ឋាភិបាលក្រុងគៀវភ្លាមៗ ក៏បានប្រតិកម្មដែរថា ការប្រើប្រាស់យន្តហោះចម្បាំងថ្មីរបស់រុស្សីនេះ គឺជាការគម្រាមកំហែងយ៉ាងខ្លាំងក្លា សម្រាប់អ៊ុយក្រែនហើយវិធីទប់ទល់ គឺមានតែមួយគត់នោះគឺជាប្រព័ន្ធការពារដែនអាកាស ទំនើបបំផុតរបស់ប្រទេសអាមេរិក។
មន្ត្រីរូបនេះដដែលបានក៏បានលើកឡើងដែរថា៖ នេះហើយគឺជាបញ្ហារបស់យើង នៅពេលនេះហើយយើងតែងតែ បានបញ្ជាក់ប្រាប់អាមេរិកម្តងហើយម្តងទៀតថា គ្មានដំណោះស្រាយនោះទេ ប្រសិនបើពួកគេនឹងមិនយល់ព្រមផ្គត់ផ្គង់ យន្តហោះចម្បាំងមកឲ្យកងកម្លាំងអ៊ុយក្រែន ពីព្រោះថារុស្សីពេលនេះមានចំនួនយន្តហោះចម្បាំង ច្រើនជាងអ៊ុយក្រែនដល់ទៅ ១២ដង៕
ប្រែសម្រួល៖ ស៊ុន លី