ព័ត៌មានអន្តរជាតិ

រុស្ស៊ី សម្ដែងការសោកស្តាយ ចំពោះការសម្រេចចិត្តរបស់ UNSC លើការស៊ើបអង្កេតលើការ បំផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream

ម៉ូស្គូ៖ វិមានក្រឹមឡាំងបានសម្ដែងការសោកស្តាយ ចំពោះការសម្រេចចិត្តដែលធ្វើឡើង ដោយក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UNSC) ក្នុងការបដិសេធសំណើរបស់រុស្ស៊ី សម្រាប់ការស៊ើបអង្កេតឯករាជ្យ លើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream ។

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ត្រូវបានដកស្រង់សម្តីដោយថា “យើងជឿជាក់ថា អ្នករាល់គ្នាគួរតែ ចាប់អារម្មណ៍លើការស៊ើបអង្កេត ដែលមានគោលបំណងពាក់ព័ន្ធនឹងភាគី ដែលចាប់អារម្មណ៍ទាំងអស់ ដែលអាចបំភ្លឺអំពីស្នងការ និងអ្នកប្រព្រឹត្តអំពើភេរវកម្មនេះ។ យើងចាត់ទុកថា នេះមានសារៈសំខាន់ខ្លាំងណាស់” ។

លោក Peskov បានលើកឡើងថា ទីក្រុងមូស្គូ មានការសោកស្តាយយ៉ាងខ្លាំង ដែលគំនិតផ្តួចផ្តើមរបស់ខ្លួនមិនត្រូវ បានអនុម័តដោយបន្ថែមថា រុស្ស៊ី “នឹងធ្វើអ្វីគ្រប់យ៉ាងនៅក្នុងអំណាចរបស់ខ្លួន ដើម្បីផ្តួចផ្តើមការស៊ើបអង្កេតអន្តរជាតិបែបនេះ” ។

គួរបញ្ជាក់ថា UNSC កាលពីថ្ងៃច័ន្ទបានច្រានចោល សេចក្តីព្រាងសេចក្តីសម្រេចរបស់រុស្ស៊ី ដែលស្នើឱ្យមានការស៊ើបអង្កេតឯករាជ្យ អន្តរជាតិលើការផ្ទុះបំពង់បង្ហូរឧស្ម័ន Nord Stream កាលពីឆ្នាំមុន។

នៅខែកញ្ញា ឆ្នាំ២០២២ ការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ និងការលេចធ្លាយឧស្ម័ននៅក្រោមទឹក បានកើតឡើងនៅលើបំពង់ Nord Stream 1 និង Nord Stream 2 ។ ចាប់តាំងពីពេលនោះមក សហគមន៍អន្តរជាតិបានព្យាយាម ស្វែងរកអ្នកប្រព្រឹត្ត និងអ្នកផ្តើមការវាយប្រហារ ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top