ព័ត៌មានអន្តរជាតិ

Update៖ ក្រុមអ្នកគាំទ្រនៅរដ្ឋផ្លរីដា លើកឡើងថា ពួកគេនៅតែចង់បានលោក ត្រាំ ធ្វើជាប្រធានាធិបតី សម្រាប់អាណត្តិថ្មី

វ៉ាស៊ីនតោន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ថា នៅពេលដែលអ្នកលក់នំប៉័ងដាក់សាច់ ដែលមានវ័យ៣១ឆ្នាំឈ្មោះ Dirk Frazel បានលឺពីដំណឹងថា លោក ដូណាល់ ត្រាំ ត្រូវបានចោទប្រកាន់ គាត់ “ដឹងថា គាត់ត្រូវតែធ្វើអ្វីមួយ” ដូច្នេះគាត់បានចូលទៅក្នុងរថយន្តរបស់គាត់ ។

គោលដៅរបស់គាត់គឺ ភូមិគ្រឹះរបស់លោក ត្រាំ នៅឯរមណីយដ្ឋាន Mar-a-Lago ក្នុងទីក្រុង Palm Beach នៅរដ្ឋផ្លរីដាចម្ងាយ៥ម៉ោង ពីផ្ទះរបស់លោក Frazel នៅឯ St Augustine ។

ការប្រមូលផ្តុំគ្នានៅរមណីដ្ឋាន Mar-a-Lago រួមជាមួយនឹងព្រឹត្តិការណ៍ទី២ ដែលធ្វើឡើងនៅខាងក្រៅទីលាន វាយកូនហ្គោលស្លាកយីហោ ត្រាំ ដែលនៅជិតនោះមានចំនួន សរុបមិនលើសពីមនុស្សរាប់សិបនាក់ កាលពីថ្ងៃសៅរ៍ បើទោះបីជាមានការអំពាវនាវ ឱ្យមានការតវ៉ាពីលោក ត្រាំ មុនការចោទប្រកាន់ក៏ដោយ ។

លោក Frazel បានប្រាប់ដល់ទូរទស្សន៍ BBC ដោយឈរនៅលើស្ពានក្បែររមណីដ្ឋាន Mar-a-Lago ជាកន្លែងដែលគាត់កំពុងចែកនំប៉័ង ឈ្មោះថា “Trump hot dogs” ដល់អ្នកបើកបរដែលឆ្លងកាត់ទីនោះថា “ខ្ញុំបានលឺថា គាត់ត្រូវបានចោទប្រកាន់ នៅលើបណ្តាញសង្គម Twitter ហើយដឹងថា នឹងមានមនុស្សនៅទីនេះ” ។

គេបានដឹងថា នៅខាងក្នុងរមណីយដ្ឋានដែលមានចម្ងាយ២-៣រយម៉ែត្រនោះ លោក ត្រាំ ត្រូវបានគេរាយការណ៍ថា កំពុងជួបជាមួយទីប្រឹក្សា និងក្រុមច្បាប់របស់គាត់ ដើម្បីរៀបចំផែនការការពារតាមផ្លូវច្បាប់ របស់លោកប្រឆាំងនឹងការចោទប្រកាន់ ពីបទឧក្រិដ្ឋពាក់ព័ន្ធនឹងការបង់ប្រាក់ចំនួន ១៣០.០០០ដុល្លារ ដល់តារាសិច នាង Stormy Daniels ។

លោក ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រគល់របស់ខ្លួនគាត់ ទៅឱ្យរដ្ឋអាជ្ញាធរនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃអង្គារទី៤ ខែមេសាខាងមុខនេះ ជាមួយនឹងសវនាការដែល នឹងប្រព្រឹត្តទៅនៅម៉ោង ១៤និង១៥នាទីម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១៩និង១៥នាទីម៉ោងសកល ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top