ព័ត៌មានជាតិ

ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរវេទិកា កេសរកូលជាតិលើកទី៣

ភ្នំពេញ ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍កេសរកូល ដើម្បីអបអរសាទរ វេទិកាកេសរកូលជាតិលើកទី៣ និងការ ប្រកាស ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សៀវភៅមគ្គទេសក៍ ស្តីពីបន្លែនៅប្រទេសកម្ពុជា ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៧-៩ ខែមេសា ឆ្នាំ២០២៣ នៅផ្សារទំនើប Aeon I រាជធានីភ្នំពេញ។

ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមប្រឹក្សាជាតិ អភិវឌ្ឍន៍ដោយចីរភាព (ក.ជ.អ.ច) ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ន ស្ថានទូត អង្គការដៃគូ វិស័យឯកជន អ្នកជំនាញការជាតិ និងអន្តរជាតិ សិស្ស និស្សិត និងអ្នកពាក់ព័ន្ធ។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងបរិស្ថាន នាពេលថ្មីៗនេះ បានឲ្យដឹងថា ពិព័រណ៍នេះ រៀបចំឡើងក្នុង គោលបំណង រួមមាន ៖ លើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់ និងគុណតម្លៃនៃប្រភេទកេសរកូលព្រៃ និងរុក្ខជាតិ នៅកម្ពុជាសំដៅជំរុញឱ្យមានការចូលរួម និងថែរក្សាធនធាន ធម្មជាតិ និងជីវៈចម្រុះពីសាធារណជន និងអ្នកពាក់ព័ន្ធ, ពង្រឹងកិច្ចសហការរវាងស្ថាប័នរដ្ឋ និងវិស័យឯកជន ជាពិសេសគឺការកសាងបណ្តាញអ្នកស្រឡាញ់ប្រភេទកេសរកូលព្រៃ ដើម្បីចូលរួម និងគាំទ្រដល់ការការពារ និងការអភិរក្សកេសរកូលព្រៃកម្ពុជា, ផ្ដល់ឱកាសដល់វិស័យឯកជន ក្នុងការចូល រួមចំណែកក្នុងកិច្ចការពារ អភិរក្សធនធានធម្មជាតិ និងការគ្រប់គ្រងបរិស្ថាននៅកម្ពុជា, ផ្សព្វផ្សាយអំពីភាពសម្បូរ បែបនៃកេសរកូលព រុក្ខជាតិគ្រឿងទេស បន្លែ និងផ្លែឈើ ដែលមានវត្តមាននៅកម្ពុជា។

សូមបញ្ជាក់ថា ពិព័រណ៍នេះ ក៏មានការតាំងបង្ហាញពីប្រភេទកេសរកូលព្រៃ កេសរកូលពូជបង្កាត់ រុក្ខជាតិកម្រ រុក្ខជាតិលម្អ ផលិតផលធម្មជាតិជាច្រើនប្រភេទ ក៏ដូចជាមានការបង្ហាញម៉ូតសម្លៀកបំពាក់លម្អដោយរកេសរកូល ការសម្តែង ល្ខោនស្បែកតូច និងការប្រគុំតន្ត្រីក្រុមតូច ដែលអនុញ្ញាតឱ្យភ្ញៀវជាតិ-អន្តរជាតិ សិស្ស និស្សិត និងសាធារណជន អាចចូលទស្សនាដោយសេរី៕

To Top