ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ដ្រី ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះ ក្រសួងសាធារណការ បានអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីនយោបាយ

ភ្នំពេញ ៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ចំពោះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល។

ក្នុងពិធីប្រកាសបើកការដ្ឋានលើកកម្រិតគុណភាព និងជួសជុលថែទាំកំណាត់ផ្លូវជាតិលេខ៧៣ ផ្លូវខេត្តលេខ៣៧៧ និងផ្លូវខេត្តលេខ ៣៧៧A នៅក្នុងខេត្តក្រចេះ នាថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន សំអន បានគូសបញ្ជាក់ ពីសារៈសំខាន់នៃសុខសន្តិភាព និងការរីកចម្រើនមកដល់ពេលបច្ចុប្បន្ន ក្រោមពលិកម្មដ៏ធំធេង និងការប្រឹងប្រែងអស់ ពីកម្លាំងកាយ កម្លាំងចិត្តរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ជាមគ្គុទេ្ទកសក៍ និងប្រតិបត្តិករនយោបាយដ៏ឈ្លាសវៃ បានដឹកនាំប្រទេសជាតិ ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិ សម្រេចជោគជ័យយ៉ាងធំធេង និងកំពុងនាំកម្ពុជា ធ្វើដំណើរឆ្ពោះទៅមុខ ដើម្បីសម្រេចគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោកស្រី បានថ្លែងថា «វាយតម្លៃខ្ពស់ចំពោះក្រសួងសាធារណការ និងដឹកជញ្ជូនក្នុងនាមជាសេនាធិការរបស់ រាជរដ្ឋាភិបាល ដែលបានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ខ្ពស់ក្នុងការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ដោយសម្រេចបាននូវសមិទ្ធផល ការងារសំខាន់ៗ ជាច្រើនតាមរយៈការប្រកាសបើកការដ្ឋាននាពេលកន្លងមក»។

បន្ថែមពីលើនេះ លោកស្រី ឧបនាយករដ្ឋមន្ដ្រី បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ ក្រសួង សាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារពិភពលោក ដែលបានជួយពន្លឿនដល់ការរៀប ចំនីតិវិធី ដើម្បីជំរុញគម្រោងនេះឱ្យលេចចេញជារូបរាងឡើង និងបានស្នើឱ្យក្រុមហ៊ុនសាងសង់យកចិត្តទុក ដាក់ខ្ពស់ក្នុងការសាងសង់ ស្របតាមស្ដង់ដារបច្ចេកទេស និងប្រកបដោយគុណភាព និងបញ្ចៀសការ បង្កផលប៉ះពាល់ ដល់បរិស្ថាន ជាពិសេសការបង្ហូរនូវកាកសំណល់ធ្វើឱ្យប៉ះពាល់ដល់ទីជម្រកត្រីផ្សោតទន្លេមេគង្គរបស់យើង និងស្នើសុំការ យោគយល់ អធ្យាស្រ័យពីសំណាក់បងប្អូនប្រជាពលរដ្ឋដែល រងផលប៉ះពាល់ដោយសារគម្រោងអភិវឌ្ឍន៍នេះផងដែរ។

នាឱកាសនោះ លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជូនចំពោះ ធនាគារពិភពលោក ដែលតែងបានផ្តល់ឥណទានសម្បទាន និងជំនួយបច្ចេកទេសផ្សេងៗ សម្រាប់ការអភិវឌ្ឍវិស័យ ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការកសាងសមត្ថភាពដល់មន្ត្រីគម្រោង និងការសិក្សាគម្រោង ជាដើម ដើម្បីចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនបន្ថែមទៀត។

សូមរំលឹកថា កំណាត់ផ្លូវជាតិលេខ៧៣ ត្រូវសាងសង់ដោយក្រុមហ៊ុន Nimmeng-Proco Joint Venture ដោយឡែកផ្លូវ ខេត្តលេខ៣៧៧ និង៣៧៧A សាងសង់ដោយក្រុមហ៊ុន Poly Changda Engineering Co., Ltd គ្រោងចំណាយរយៈពេលសាង សង់ចំនួន១៨ខែ និងរយៈពេលថែទាំចំនួន៦០ខែដូចគ្នា និងចំណាយថវិកាសាងសង់សរុប ប្រមាណ៤០លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានសម្បទានរបស់ធនាគារពិភពលោក ក្នុងនោះរួមបញ្ចូលទាំងការងារបោសសម្អាតគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ និងពន្ធអាករផ្សេងៗផងដែរ៕

To Top