វ៉ាស៊ីនតោន៖ មន្ត្រីសេតវិមានអាមេរិក បានឲ្យដឹងថា ការប្រយុទ្ធសម្រាប់ទីក្រុង Bakhmut មិនទាន់ចប់នោះទេ ហើយអ៊ុយក្រែន នៅតែប្រយុទ្ធយ៉ាងស្វិតស្វាញ សម្រាប់ទីក្រុង ដែលរងគ្រោះខ្លាំងបំផុតមួយនេះ។
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃចន្ទថា ប្រជាជនអ៊ុយក្រែន មិនត្រូវបានបណ្តេញ ចេញពីទីក្រុងនោះទេ ដោយបន្ថែមថា កញ្ចប់ជំនួយបន្ថែម សម្រាប់អ៊ុយក្រែនអាចត្រូវបានគេរំពឹងទុកនៅក្នុងសប្តាហ៍នេះ។
ការកត់សម្គាល់របស់លោកបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីអ៊ុយក្រែន ក៏បានឲ្យដឹងផងដែរថា កងកម្លាំងរុស្ស៊ី “នៅឆ្ងាយណាស់” ពីការចាប់យកទីក្រុង Bakhmut ហើយការប្រយុទ្ធបានផ្ទុះឡើងនៅជុំវិញអគាររដ្ឋបាលទីក្រុង ដែលជាកន្លែងដែលក្រុមទាហានស៊ីឈ្នួល Wagner បានអះអាងថា បានលើកទង់ជាតិរុស្ស៊ី។
កាលពីព្រឹកថ្ងៃចន្ទ ក្រុមទាហានស៊ីឈ្នួល Wagner Group ដែលបានដឹកនាំការវាយលុក សម្រាប់ទីក្រុង Bakhmut បានអះអាងថា ខ្លួនបានចាប់យកសាលាក្រុង។ ក្រសួងការពារជាតិរុស្ស៊ី មិនបានបញ្ជាក់ថា ខ្លួនគ្រប់គ្រងទីក្រុងទាំងស្រុងនោះទេ។
ការប្រយុទ្ធដើម្បីទីក្រុង ឧស្សាហកម្ម Bakhmut បានក្លាយ ជាសមរភូមិដ៏វែងបំផុត និងបង្ហូរឈាមបំផុត នៃការវាយលុករយៈពេលមួយឆ្នាំ របស់រុស្ស៊ីលើអ៊ុយក្រែន ។ ភាគច្រើននៃប្រជាជនមុនសង្គ្រាមរបស់ Bakhmut ប្រហែល ៧ម៉ឺន នាក់បានភៀសខ្លួនចេញពីទីក្រុងក្នុងឆ្នាំ២០២២៕
ប្រែសម្រួល ឈូក បូរ៉ា
