ព្រុចសែល ៖ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានប្រកាសថា ប្រទេសហ្វាំងឡង់ នឹងក្លាយជាសមាជិក នៃសម្ព័ន្ធភាពយោធាជាផ្លូវការ នៅសប្តាហ៍នេះ ដែលនឹងនាំឱ្យអង្គការណាតូ បង្កើនព្រំដែនរួមគ្នា ជាមួយរុស្ស៊ីទ្វេដង។
ការទទួលស្គាល់របស់ហ្វាំងឡង់ ទៅកាន់ប្លុកនេះត្រូវបានអ្នកសង្កេតការណ៍ជាច្រើនយល់ថា ជាការប៉ះទង្គិចការទូត ចំពោះប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដែលបានលើកឡើងថា គោលបំណងមួយរបស់លោក សម្រាប់សង្រ្គាមរបស់លោក នៅអ៊ុយក្រែន គឺដើម្បីការពារការពង្រីកអង្គការណាតូ នៅតាមព្រំដែនរបស់រុស្ស៊ី ។
បច្ចុប្បន្ននេះ សមាជិកណាតូ ន័រវេស ឡាតវី អេស្តូនី លីទុយអានី និងប៉ូឡូញ មានព្រំប្រទល់ជាប់នឹងរុស្ស៊ី ឬតំបន់ដាច់ស្រយាល Kaliningrad របស់រុស្ស៊ី។ ប្រទេសទាំង ៥នោះមានព្រំប្រទល់ប្រហែល ៧៥៤ ម៉ាយនៃព្រំដែនរួមជាមួយរុស្ស៊ី។
ទន្ទឹមនឹងនេះដែរ ប្រទេសហ្វាំងឡង់ មានព្រំប្រទល់ ៨៣០ ម៉ាយ តាមបណ្តោយភាគពាយ័ព្យនៃប្រទេសរុស្ស៊ី។ នៅថ្ងៃអង្គារនេះ អង្គការណាតូ នឹងមានព្រំដែនរួមសរុបដល់ទៅ ១៥៨៤ ម៉ាយជាផ្លូវការជាមួយរុស្ស៊ី បន្ទាប់ពីការចូលជាសមាជិករបស់ហ្វាំងឡង់។
ប្រទេសហ្វាំងឡង់ បានឈ្នះការអនុម័តចុងក្រោយ ដើម្បីចូលរួមជាមួយណាតូ កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីសភាតួកគី បានបោះឆ្នោតចុងក្រោយ ដែលត្រូវការសម្រាប់ការចូលរួមរបស់ប្រទេស។
បន្ទាប់ពីព័ត៌មាននៃការបោះឆ្នោតរបស់ប្រទេសតួកគី ប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinistö បានសន្យាថា ប្រទេសរបស់លោកនឹង “ជាសម្ព័ន្ធមិត្តដ៏រឹងមាំ និងមានសមត្ថភាព ដោយប្តេជ្ញាចិត្ត ចំពោះសន្តិសុខនៃសម្ព័ន្ធមិត្ត” ។
លោកបានថ្លែងថា “នេះគឺជាសប្តាហ៍ប្រវត្តិសាស្ត្រ ថ្ងៃស្អែក យើងនឹងស្វាគមន៍ហ្វាំងឡង់ ក្នុងនាមជាសមាជិកទី៣០ ដំបូងរបស់ណាតូ យើងនឹងលើកទង់ជាតិហ្វាំងឡង់ជាលើកដំបូងនៅទីនេះនៅឯទីស្នាក់ការអង្គការណាតូ។ វានឹងក្លាយជាថ្ងៃដ៏ល្អ សម្រាប់សន្តិសុខរបស់ប្រទេសហ្វាំងឡង់ សម្រាប់សន្តិសុខប្រទេស Nordic និងសម្រាប់ ណាតូទាំងមូល”៕
សម្រួល ឈូក បូរ៉ា
