ម៉ូស្គូ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី៤ ខែមេសាម្សិលមិញនេះ បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងឆ្លើយតបជាមួយនឹង “វិធានការបច្ចេកទេសយោធា និងផ្សេងទៀត” ដើម្បីដោះស្រាយការគំរាមកំហែងសន្តិសុខជាតិ ដែលកើតឡើងពីការចូលជា សមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ។
ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា “ការសម្រេចចិត្តជាក់លាក់ទាក់ទងនឹង ការកសាងសមត្ថភាពការពារ នៅតាមព្រំដែនភាគពាយ័ព្យ របស់រុស្ស៊ីនឹងអាស្រ័យលើលក្ខខណ្ឌ ជាក់លាក់ដែលហ្វាំងឡង់ ចូលរួមជាមួយណាតូ រួមទាំងការដាក់ ពង្រាយហេដ្ឋារចនាសម្ព័ន្ធយោធារបស់ណាតូ និងអាវុធវាយលុកនៅលើទឹកដីរបស់ខ្លួន” ។
ក្រសួងបានកត់សម្គាល់ថា ខ្សែទំនាក់ទំនងរវាងអង្គការណាតូ និងរុស្ស៊ីមានការកើនឡើងទ្វេដង ដែលបង្កើតបានជាការផ្លាស់ប្តូរ ដ៏សំខាន់មួយសម្រាប់អឺរ៉ុបខាងជើង ដែលជាតំបន់ដែលមានស្ថិរភាពបំផុត មួយក្នុងពិភពលោក។
សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ការចូលជាសមាជិករបស់ហ្វាំងឡង់ ទៅក្នុងអង្គការណាតូ នឹងជះឥទ្ធិពលអវិជ្ជមាន ដល់ទំនាក់ទំនងទ្វេភាគីរវាងរុស្ស៊ី និងហ្វាំងឡង់” នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov កាលពីថ្ងៃអង្គារបានសម្តែង ការព្រួយបារម្ភរបស់លោក ចំពោះការចូលប្រទេសហ្វាំងឡង់ ទៅក្នុងអង្គការណាតូ ដោយបន្ថែមថាវារំលោភលើសន្តិសុខ និងផលប្រយោជន៍របស់រុស្ស៊ី។
លោកបានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា “យើងនឹងចាត់វិធានការតបត ដើម្បីធានាសន្តិសុខរបស់យើងក្នុងន័យយុទ្ធសាស្ត្រ និងយុទ្ធសាស្ត្រ”។ ប្រទេសហ្វាំងឡង់ កាលពីថ្ងៃអង្គារបានក្លាយជារដ្ឋសមាជិកទី៣១ របស់ណាតូជាផ្លូវការ ហើយទង់ជាតិនៃប្រទេសហ្វាំងឡង់ ត្រូវបានលើកឡើង ហើយភ្លេងជាតិរបស់ប្រទេសនេះ ត្រូវបានលេងជាលើកដំបូងនៅឯ ទីស្នាក់ការកណ្តាលរបស់អង្គការណាតូ ក្នុងទីក្រុងព្រុចសែល កាលពីរសៀលថ្ងៃអង្គារម្សិលមិញនេះ នៅក្នុងពិធីដ៏ខ្លីមួយ។
ប្រធានាធិបតីហ្វាំងឡង់ Sauli Niinisto បានឲ្យដឹងនៅក្នុងពិធីនោះថា “យុគសម័យនៃការមិនចូលបក្សសម្ព័ន្ធយោធា នៅក្នុងប្រវត្តិសាស្ត្ររបស់យើងបានមកដល់ទីបញ្ចប់ ហើយយុគសម័យថ្មីមួយបានចាប់ផ្តើម” ៕
ប្រែសម្រួល ឈូក បូរ៉ា